ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់បើកបរម៉ូតូបុករ៉ឺម៉កដែលគេចតទុក ចោល។ ហេតុការណ៍គ្រោះថ្នាក់នេះនៅត្រង់ចំណុចភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នៅលើផ្លូវក្រាលកៅស៊ូលេខ1KS1កាលពីយប់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកHONDA DREAM 125CC(2021) ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1T-3701 បើកបរដោយឈ្មោះ សុខ ឌុន ភេទប្រុស អាយុ ២៥ ឆ្នាំ(ស្លាប់) រស់នៅភូមិព្រៃធំ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះ បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅបុកពី ក្រោយម៉ូតូសណ្តោងរុឺម៉កមួយ គ្រឿងម៉ាក HONDA 90CC ពណ៌ ស្លែ គ្មានស្លាកលេខ សណ្តោងកន្ទុយរុឺម៉ក ពណ៌ច្រេះ គ្មានស្លាកកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់) ដែលកំពុងឈប់ចតនៅលើទ្រូងផ្លូវក្នុងទិសដៅស្របគ្នា ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានប្រគល់សាកសព ជនរងគ្រោះជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កខាងលើ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំងរងចាំដោះស្រាយនៅពេលក្រោយ៕