សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍រំលឹកដោយភ្ជាប់ទៅនឹងអនុស្សាវរីយ៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លើទឹកដីអង្គរកាលពីឆ្នាំ១៩៨៧ ថា ៖ កាលពីមុនសៀមរាប មិនមានសំឡេងទេសចរណ៍អ៊ូអរកងរំពងដូចពេលបច្ចុប្បន្ននេះឡើយ នេះហើយជាផលលាភនៃសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុង ផ.ស.ស. ជាតិ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជនដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោម ប្រធានបទដ៏មានសារៈសំខាន់នេះឡើង គឺ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ»។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីប្រវត្តិនៃសង្គ្រាមរបស់កម្ពុជាជាពិសេសទាក់ទងជាមួយនឹងទឹកដីខេត្តសៀមរាប ដែលបានប្លែកៗពីទីកន្លែងដែលឮសូរតែសំឡេងកាំភ្លើងយន្តមកជាកន្លែងដែលឮសំឡេងសប្បាយរីករាយនៃភ្ញៀវទេសចរណ៍។

សម្ដេចធិបតី បានរំលឹកពេលដែលសម្ដេចបានជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស៊ី ដែលបានមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៤។ លោកអេនថូនី អាល់បានីស៊ី បានលើកឡើងថាក្នុងពេលដែលលោកមកទស្សនាកម្ពុជាអំឡុងពេលនោះគឺពុំមានភ្ញៀវទេសចរណ៍នោះទេ ហើយសំឡេងដែលឮសូរនៅពេលនោះគឺជាសំឡេងកាំភ្លើងយន្តតែមួយគត់។

សម្ដេចបានលើកឡើងថានៅពេលនេះសៀមរាបគឺឮសូរតែសំឡេងសប្បាយរីករាយនូវភ្ញៀវទេសចរណ៍ប៉ុណ្ណោះ ហើយភាពសប្បាយរីករាយនេះគឺមកពីផ្លែផ្កានៃសន្តិភាពរបស់ប្រទេសកម្ពុជាដែលទទួលបាន។

គួរដឹងដែរថាកម្ពុជាអនុវត្តគោលនយោបាយឈ្នះឈ្នះបានសម្រេចជោគជ័យនៅចុងខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញបន្ទាប់ពីឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ផ្លែផ្កានៃសន្តិភាពទាំងនេះហើយទើបបានបើកឲ្យកម្ពុជា ទទួលបាននូវការវិនិយោគពីបរទេស ទេសចរណ៍ និងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print