យោធាកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងកាលពីថ្ងៃទី១៨ ខែមីនា បានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណចូលទៅក្នុងសមុទ្រខាងកើតនៃប្រទេស។
មន្ត្រីជប៉ុនបាននិយាយថា កាំជ្រួចកូរ៉េខាងជើងបានធ្លាក់នៅតំបន់មួយនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា ប្រទេសជប៉ុនមិនទាន់កត់ត្រាការខូចខាតណាមួយនៅឡើយទេ។
នេះជាលើកទី២ហើយដែលកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងនៅឆ្នាំ២០២៤ បន្ទាប់ពីបាញ់កាលពីថ្ងៃទី១៤ មករា ។ ក្រុងព្យុងយ៉ាងមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
ការបាញ់មីស៊ីលនេះបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី 14 ខែមីនា បានបញ្ចប់សមយុទ្ធរួមប្រចាំឆ្នាំ 11 ថ្ងៃ Freedom Shield ជាមួយនឹងចំនួនទាហានចូលរួមពីរដងបើធៀបនឹងឆ្នាំមុន។
ការបាញ់បង្ហោះចុងក្រោយបំផុត ត្រូវបានអនុវត្តដោយកូរ៉េខាងជើងក្នុងបរិបទដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken មកដល់កូរ៉េខាងត្បូងនៅថ្ងៃទី 17 ខែមីនាដើម្បីចូលរួមសន្និសីទមួយតាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Yoon Suk Yeol។
ថ្មីៗនេះ ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េកាន់តែតានតឹងដោយសារសកម្មភាពយោធារបស់ភាគីទាំងអស់។
កូរ៉េខាងជើងបានធ្វើការហ្វឹកហ្វឺនប្រយុទ្ធតាមផ្លូវអាកាសកាលពីថ្ងៃទី ១៥ ខែមីនា បន្ទាប់ពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ចប់សមយុទ្ធរួមប្រចាំឆ្នាំដែលមានឈ្មោះថា Freedom Shield ទោះបីជាទីក្រុងព្យុងយ៉ាងមានការជំទាស់ក៏ដោយ៕ ដោយធីរីណា
រូបថត: AFP