ខេត្តរតនគិរី÷ ថ្លែងចំពោះមុខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សាលាខេត្តចំនួន១២៣នាក់ដែលបានចូលរួមធ្វើតេស្តរកសារធាតុញៀន ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្ត ព្រឹកថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះលោកញ៉ែម សំអឿន អភិ បាលខេត្តរតនគិរី លើកឡើងថា ការធ្វើតេស្តរកសារធាតុញៀន ដែលអនុវត្តទៅលើកថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាខេត្តនាពេលនេះគឺជាការអនុវត្តតាមបទបញ្ជា លេខ០១ប.ប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ នៅតាមបណ្តាក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ។ ក្នុងនាមរដ្ឋបាលខេត្តលោកស្នើឲ្យលោក -លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិ បាលក្រុងស្រុកទាំង៩ នៅក្នុងខេត្តរតនគិរី បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះ មន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ដោយគ្មានការយោគយល់ណាមួយឡើយ ប្រសិនបើរកឃើញថា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលតែម្តង ។
ក្នុងឱកាសនេះលោកអភិបាលខេត្តក៏បានណែនាំដល់ មន្ត្រីរាជការទាំងអស់ សូមកុំពាក់ព័ន្ធនិងប្រើប្រាស់គ្រឿង
ញៀនឱ្យសោះ ព្រោះច្បាប់គ្មានការយោគយល់ ឬលើក លែងឡើយ ហើយកាលណាមានសារធាតុញៀនក្នុងខ្លួន នោះសង្គមក៏ស្អប់ខ្ពើម ពលរដ្ឋក៏ស្អប់ខ្ពើម ហើយគ្រួសារ ខ្លួនឯងក៏មានការស្អប់ខ្ពើមផងដែរ។
បើយោងតាមជាលទ្ធផលនៃការធ្វើតេស្តលើមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្តរតនគិរីចំនួន១២៣ នាក់គឺមិនបានរកឃើញមន្រ្តីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួននោះឡើយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញៀនក្នុងខ្លួននឹងត្រូវបណ្តេញចេញ ពីក្របខណ្ឌដោយគ្មានការលើកលែង។ បទបញ្ជានេះគឺ ជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុប បំបាត់ បញ្ហាគ្រឿងញៀននៅក្នុងសង្គមជាតិទាំងមូល៕