លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រួតពិនិត្យយានយន្ដកែច្នៃ គ្រប់​ប្រភេទ​ បំពាក់​សុីផ្លេរ​ បំពង់​ស៊ីម៉ាំង តខុស​លក្ខណៈ​បច្ចេកទេស​ រំខានប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌត្រួតពិនិត្យយានយន្ដកែច្នៃ គ្រប់​ប្រភេទ​ បំពាក់​សុីផ្លេរ​ បំពង់​ស៊ីម៉ាំង តខុស​លក្ខណៈ​បច្ចេកទេស​ រំខានប្រជាពលរដ្ឋ ។ លោក ឃួង ស្រេង បានបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំបានធ្វើឡើង នៅរសៀលថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤​ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីចូលរួម អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពាក់ព័ន្ធ នឹងការ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈបច្ចេកទេស​ ​ប៉ះពាល់ដល់សណ្ដាប់​ធ្នាប់​ របៀប​រៀបរយ​ តាម​ដងផ្លូវ​សាធារណៈ​ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យលើការ​កែច្នៃ​យានយន្ត​គ្រប់​ប្រភេទ​ ការ​បំពាក់​សុីផ្លេរ​ បំពង់​ស៊ីម៉ាំង​យានយន្តខុស​លក្ខណៈ​បច្ចេកទេស​ ដើម្បីទប់ស្កាត់ ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ពិសេស ក្នុង​រាជធានីភ្នំពេញ​។ 

  នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញបានដាក់ចេញនូវគោលការណ៍ ៣ចំណុច ដោយទី១ ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេឬបំពង់ស៊ីមុំាងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ ទី២ ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ និង៣ ណែនាំដល់ម្ចាស់យាន្តដ្ឋាននានាក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងនាពេលដ៏ខ្លីខាងមុខ។

  លោកឃួងស្រេងបានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ  គឺបាន បង្កការរំខានយ៉ាងខ្លំាងដល់សណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។

       លោកឃួង ស្រេង ក៏បានណែនាំឱ្យចេញសារចរណែនាំមួយដោយហាមអ្នកលក់ដូរទំាងអស់ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស  ហើយបើមិនអនុវត្តតាម នឹងត្រូវចាត់វិធាន ការណ៍តាម ផ្លូវច្បាប់ដោយប្រមូលរបស់របរខុសចប្ចេកទេសទំាងនោះទៅរក្សាទុក និងអាចឈានទៅបិទអាជីវកម្ម តែម្តង។

   លោកឃួង សេ្រងក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យឡើងវិញចំពោះអាជីវកម្មក្លឹបកំសាន្ត ក៏ដូចជាប៊ៀកាដិនជាដើម ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋដែរ។ ដោយឡែកចំពោះ ល្បែងស៊ីសងគ្រប់ប្រភេទក៏ត្រូវតែបង្ក្រាបអោយអស់ពីមូលដ្ឋានរបស់ខ្លួនផងដែរ។

     សូមបញ្ជាក់ថា ការបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីឱ្យក្រសួងជំនាញ និងសមត្ថកិច្ចត្រួតពិនិត្យ លក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តជាបន្ទាន់នេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។  ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ សម្ដេចធិបតី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។      

      ជាពិសេសសម្ដេច សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print