សម្រេចឃុំខ្លួនផ្កាយ២អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យម្នាក់ពាក់ព័ន្ធស៊ីដាច់ប្រាក់អ្នកដទៃរឿងរត់ការចូលក្របខ័ណ្ឌប៉ូលិស

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនលោកផ្កាយ២ អនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យម្នាក់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន។ នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌ ។

លោកផ្កាយ២រូបនោះមានឈ្មោះ អេង សាវឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលជាតិ មានឋានន្ទរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ និងមានទីលំនៅផ្ទះលេខ០២អឺ០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅវេលាម៉ោង០៨ព្រឹកកម្លាំងការិយាល័យបានធ្វើការស្រាវជ្រាវរហូតឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវលេខ៤៦៦ ប្រសព្វផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧.២២.២៧ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣១៩«ឆ១»ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌដើម្បីចាត់ការតាមនីតិវិធី ។ តាមការបង្ហើបឱ្យដឹងទៀតថា លោកផ្កាយ២ អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យរូបនោះ ដែលជាប់ពាក់ព័ន្ធបណ្តឹងព្រហ្មទណ្ឌពីបទឆបោក រឿងទទួលយកប្រាក់អ្នកដទៃជាង៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការចូលក្រមខ័ណ្ឌនគរបាលជាតិ តែធ្វើកិច្ចការនោះមិនបានសម្រេច ហើយក៏ស៊ីដាច់ប្រាក់ជនរងគ្រោះ ។

ក្រោយឃាត់ខ្លួន នៅរសៀលថ្ងៃដដែល សមត្តកិច្ចក៏បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរ លុះពេលការស៊ើបសួរត្រូវបានបញ្ចប់ ចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ប៉ុន្តែដោយពេលវេលាល្ងាចពេក នគរបាលព្រហ្មទណ្ឌក៏យកលោកផ្កាយ២ទៅគ្រប់គ្រង១យប់វិញ ដោយរងចាំព្រឹកថ្ងៃទី១៩ ខែមីនា ទើបនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារPJ ៕ ដោយ រ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print