សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចេញសារព្រមានជាសាធារណៈទៅកាន់អ៉ីស្រាអែល ប្រឆាំងនឹងការបើកប្រតិបត្តិការវាយលុកចូលទីក្រុង Rafah ដោយនិយាយថា ប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំណាមួយនឹងកាន់តែធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់ហ្កាហ្សាមានសភាពធ្ងន់ធ្ងរឡើង។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខណៈលោកប្រធានាធិបតី Joe Biden នៅតែមានការប្ដេជ្ញាចិត្តគាំទ្រគោលដៅបំបាក់ក្រុមហាម៉ាស់ ក៏ប៉ុន្តែលោកបានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ថា ការវាយលុកទ្រង់ទ្រាយធំណាមួយលើទីក្រុង Rafah នឹងក្លាយជាកំហុសមួយ។ «វានឹងធ្វើឱ្យជនស៊ីវិលស្លូតត្រង់ស្លាប់កាន់តែច្រើន ហើយធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែមានសភាពធ្ងន់ធ្ងរឡើងនៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងធ្វើឱ្យអ៉ីស្រាអែលឯកោនៅលើឆាកអន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Sullivan។
លោក Benjamin Netanyahu បានអនុម័តលើផែនការវាយលុកជើងគោកចូលក្នុងទីក្រុង Rafah ហើយ។ តែមិនទាន់មានការបញ្ជាក់ថា តើប្រតិបត្តិការនេះនឹងត្រូវធ្វើឡើងនៅពេលណានោះទេ ខណៈចំនួនជនជាតិប៉ាឡេស្ទីនត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលកើនលើសពី៣១ ០០០នាក់ ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមហាម៉ាស់វាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ ១២០០នាក់ដែរ៕ ដោយធីរីណា
រូបថត: Reuters