ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ យោងតាមសេចក្ដីជូនដំណឹង ស្ដីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។
សាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។
សូមបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅ ក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមចំណែក ប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ៕ដោយ ៖ ភារ៉ា ដង្កោ