Update៖សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ទី១៩ មីនា ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ” ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលរបស់យើង ដែលទាមទារឱ្យមានការពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ នាពេលអនាគត។ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យ និងវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ។ ការពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត។ សម្តេចបានថ្លែងថា ជំនួយរបស់ជប៉ុនប្រមាណ ១៥០លានដុល្លារ នឹងសាងសង់មន្ទីរពេទ្យតំបន់នៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត។ សម្តេចធិបតី បន្តថា ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺត្រូវតែហ៊ានវិនិយោគ។ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់។

ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល ដើម្បីធានានូវប្រព័ន្ធថែទាំសុខភាពរឹងមាំ និងសុខុមាលភាពរបស់ប្រជាជនសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាប័ន្ន និងចីរភាព, សម្តេចបានផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម៖

ទី១. ក្រសួងសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ត្រូវបន្ត ពិនិត្យកែសម្រួលតួនាទី និងរៀបចំរចនាសម្ព័ន្ធក្រសួង និង អង្គភាពសុខាភិបាលស្របតាមរបត់ ថ្មីនៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ។ ជាមួយគ្នានេះ ត្រូវបន្តការអភិវឌ្ឍ និង នវានុវត្តន៍ សមត្ថភាពស្ថាប័ន និង អង្គភាពសុខាភិបាល, តាមរយៈការបណ្តុះបណ្តាលស្តីពីបំណិនជាក់លាក់ ភាពជាអ្នកដឹកនាំ ដើម្បីឱ្យកិច្ចដំណើរការមុខងាររបស់ស្ថាប័នកាន់តែមានប្រសិទ្ធភាព ឆ្លើយតប ទៅនឹងសភាពការណ៍វិវត្តនៃតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ក៏ដូចជានិន្នាការវិវត្តនៃការកទម្រង់ការគ្រប់គ្រងអង្គភាពសុខាភិបាល និង ការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ។

ទី២. ក្រសួងសុខាភិបាល ត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល, ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះ បណ្តាលបន្តតាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹង ជំនាញ និងពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ ។ បន្ថែមលើនេះ, ត្រូវពង្រឹងយន្តការអភិបាលកិច្ច និង និយតកម្មគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ទាំងនៅផ្នែកសាធារណៈនិង ផ្នែកឯកជន ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ ការធ្វើស្ថាបនូបនីយកម្មប្រព័ន្ធទទួលស្គាល់គុណភាពគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិ-បាលនាពេលអនាគត។

ទី៣. គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និង ឯកជន និងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែល មានចំណេះដឹងខ្ពស់ជំនាញពិតប្រាកដ និង ក្រមសីលធម៌ល្អ នៅបច្ចុប្បន្នកាល និង សម្រាប់ ពេលអនាគត។ក្នុងន័យនេះ, គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥, រួមមាន គណៈគ្រូពេទ្យ, គណៈឱសថការី, គណៈទន្តពេទ្យ, គណៈគិលានុបដ្ឋាក, និង គណៈឆ្មប ត្រូវបន្តអភិវឌ្ឍនិង ពង្រឹងការអនុវត្តស្តង់ដា និង ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល, ការចុះបញ្ជីកា និងផ្តល់អាជ្ញបណ្ណវិជ្ជាជីវៈ, ការចូលរួមអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលមូលដ្ឋានការបណ្តុះបណ្តាលបន្ត និងនវានុវត្តន៍គន្លងអាជីពវិជ្ជាជីវៈសុខាភិបាល ។

ទី៤. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីប ក្លាយទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវាដែលផ្តោតលើប្រជាជន តាមរយៈការចាប់យកការសម្រប និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និង ប្រសិទ្ធផលដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខា-ភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ។

ទី៥. រដ្ឋបាលរាជធានី-ខេត្តត្រូវបន្តលើកកម្ពស់ការអនុវត្តមុខងារគ្រប់គ្រង និង ផ្តល់សេវា សុខាភិបាល និង មុខងារនិយ័តកម្មសេវាសុខាភិបាល ឱ្យកាន់តែមានសង្គតិភាពជាមួយនឹងលិខិតបទដ្ឋានគតិយុត្ត ។ ជាមួយគ្នានេះ, ត្រូវពង្រឹងប្រសិទ្ធភាពនៃការបែងចែក និង រក្សាគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស ឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការសេវាថែទាំសុខភាពដោយផ្តល់អាទិភាពដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងប្រើ ប្រាស់វិចារណកម្មរឹងមាំក្នុងការវិភាជន៍ថវិកា និង ការធ្វើអាទិភាវូបនីយកម្មចំណាយ ដែលគាំទ ដល់ការពង្រីកសេវាថែទាំសុខភាព ការកែលម្អគុណភាពសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការថែទាំសម្ភារៈឧបករណ៍វេជ្ជសាស្ត្រ ជាដើម ។

ទី៦. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបញ្ជ្រាប សារអប់រំសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញទំនាក់ទំនងសង្គមនានា ដែលអាច ជឿទុកចិត្តបាន ព្រឹត្តការណ៍ ឬ វេទិកាធុរកិច្ចផ្សេងៗ ដែលមានលក្ខណៈសមស្រប សំដៅបង្កើន ការយល់ដឹង និង ការយកចិត្តទុកដាក់របស់សាធារណៈជន ដើម្បីបង្ការជំងឺ និង ហានិភ័យសុខភាព ។

ទី៧. ក្រសួងសុខាភិបាល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដោយឈរលើគោលការណ៍ អភិបាលកិច្ចល្អ និង ការរក្សាផលប្រយោជន៍សុខភាពសាធារណៈ និង ធុរៈកិច្ច, ត្រូវជំរុញការចូល រួម ប្រកបដោយក្រមសីលធម៌ ទាំងផ្នែកសាធារណៈ និង ផ្នែកឯកជន ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូ សុខាភិបាលឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ និង សុខាភិបាលឌីជីថល នវានុវត្តន៍ គុណភាពសេវា, ជាពិសេសកិច្ចសហការក្នុងការបង្កើនសកម្មភាពអប់រំលើកកម្ពស់សុខភាព និង ការបង្ការជំងឺ ឬ ហានិភ័យសុខភាព ។

ទី៨. សម្តេចសូមជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗ ទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈ ការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត។ 

នៅក្នុងឱកាសនោះផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីសុខាភិបាលមួយចំនួនផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print