ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបជូនថា ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦។ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទ ដែលមានមុខងារ និងភារកិច្ចសំខាន់ៗដូចជា៖ កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទទូទៅដោយរួមបញ្ចូលទាំងជនជាតិភាគតិចឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង, ចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ។
ក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានតួនាទីភារកិច្ចសិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប, អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្រ្តី បុគ្គលិករាជការរបស់ក្រសួង, រៀបចំបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្នាក់ភូមិភាគដល់ប្រជារាស្រ្តជនបទតាមការចាំបាច់ និងតាមលទ្ធភាពជាក់ស្តែង, អប់រំ ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ផលិតភាព និងប្រាក់ចំណូលប្រចាំគ្រួសាររបស់ប្រជាពលរដ្ឋ ដោយផ្អែកលើការស្រាវជ្រាវបច្ចេកទេសជំនាញអភិវឌ្ឍន៍ជនបទ, ធ្វើទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងផ្នែកឯកជនដែលមានការពាក់ព័ន្ធ ព្រមទាំងប្រជារាស្រ្តមូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព។
ក្រសួងក៏មានតួនាទី គ្រប់គ្រង ដឹកនាំ និងទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះថ្នាក់គ្រួសារភូមិ ឃុំ ដែលរួមមានផ្លូវលំជនបទ ផ្គត់ផ្គង់ទឹកជនបទ ថែទាំសុខភាពបឋម អភិវឌ្ឍន៍សហគមន៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មាធិការអភិវឌ្ឍន៍ជនបទនៅថ្នាក់មូលដ្ឋាន។
ដើម្បីសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍ទីជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ដែលជាសេនាធិការ បានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើតួនាទីភារកិច្ចរបស់ខ្លួន ហើយបានសម្រេចនូវលទ្ធផលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់ពីមួយអាណត្តិទៅមួយ និងពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានការងារជាច្រើនលើការងារអភិវឌ្ឍន៍ជនបទ ដែលមានដូចខាងក្រោម៖
ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍៖ គិតត្រឹមឆ្នាំ ២០២៣, បរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០,២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤ភាគរយ នៃផ្លូវទូទាំងប្រទេស និងសំណង់សិល្បការ្យជនបទកើនដល់ចំនួន ៤៨,៨២២កន្លែង។ ដោយឡែកក្នុងឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទបានស្ថាបនាពង្រីកវិសាលភាព និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួន ៩៥ខ្សែ ប្រវែងសរុប ៤៤៧គីឡូម៉ែត្រ បានថែទាំផ្លូវជនបទចំនួន ៤៨៣ខ្សែ ប្រវែងសរុប ៤,៣៧២គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការ្យគ្រប់ប្រភេទបានចំនួន ១,៣៧១កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍បានចំនួន ២,៧៨៣ស្លាក។
ទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ៖ ក្រសួងបានយកចិត្តទុកដាក់លើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ គិតដល់ត្រឹមឆ្នាំ២០២៣ ការងារផ្គត់ផ្គង់ទឹកស្អាត បានទទួលនូវបរិមាណអណ្តូងស្នប់មានចំនួន ៦៣៧,២៣៧អណ្តូង, ស្រះទឹកសហគមន៍មានចំនួន ១០,៥៤៦ស្រះ, អាងត្រងទឹកភ្លៀងមានចំនួន ៥៨,៥៥៩អាង, ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ១៤០កន្លែង, ស្ថានីយ៍ស្រូបទឹកពីបរិយាកាសចម្រោះទឹកផឹក (Air to Water) ចំនួន ៥កន្លែង, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន ៤០៧ប្រព័ន្ធ និងពាងយក្សចំនួន ២៦៩,៣៨៤ពាង។ រីឯការងារអនាម័យជនបទ ក្រសួងបានសាងសង់បង្គន់គ្រួសារចំនួន ២,៥៨៣,២៥៨បង្គន់ និងបង្គន់អនាម័យសាធារណៈបានចំនួន ១០,៣២២ខ្នង ។
ដោយឡែកនៅឆ្នាំ២០២៣ កន្លងនេះ ក្រសួងបានសាងសង់អណ្តូងទឹកចំនួន ២,០១៦អណ្តូង, ស្រះសហគមន៍ចំនួន ៣១៦ស្រះ, អាងត្រងទឹកភ្លៀងចំនួន ១០៥អាង, ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ២ស្ថានីយ៍, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន ១២៧កន្លែង, បានសាងសង់បង្គន់គ្រួសារចំនួន ២៨,៦៤១បង្គន់ និងបង្គន់អនាម័យសាធារណៈចំនួន ៧៨ខ្នង និងកន្លែងលាងសម្អាតដៃសាធារណៈ ចំនួន ២,៣៩៩កន្លែង ព្រមទាំងបានអប់រំប្រជាជនពីអនាម័យបានចំនួន ៣១៣លើកមានអ្នកចូលរួម ១៥,៩៧៨នាក់ ។
សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យអត្រាគ្របដណ្តប់ទាំងទឹកស្អាត និងអនាម័យជនបទ បានកើនឡើងដល់ប្រមាណ ៨៥ភាគរយ ហើយភូមិចំនួន ៧,៣៩៧, ឃុំចំនួន ៦៥៤ ស្រុកចំនួន ៥៩ និងរាជធានី/ខេត្ត ចំនួន៧ (ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងរាជធានីភ្នំពេញ) បានសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។
ទី៣៖ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយ៖ ១. បានផ្តល់ឥណទានសាច់ប្រាក់សរុបចំនួន ២,៣០១,៧៩១, ១៤៥រៀល (ពីរពាន់បីរយមួយលាន ប្រាំពីររយកៅសិបមួយពាន់ មួយរយសែសិបប្រាំរៀល) ដល់ប្រជាជននៅតំបន់ជនបទ ចំនួន ៨១៧គ្រួសារ ក្នុងភូមិគោលដៅចំនួន ៨១ភូមិ ៤១ឃុំ ២៣ស្រុក ក្នុងខេត្តចំនួន៩ , បង្កើតសហគមន៍សន្សំប្រាក់ចំនួន ១២,៤៧៥ក្រុម ត្រូវជា ២២២,៥៤៣គ្រួសារ។ ២. បានបណ្តុះបណ្តាលជំនាញបំណិនជីវិត សហគ្រិនភាព និងជំនាញមូលដ្ឋានដើម្បីបង្កើតមុខរបរ និងបង្កើនចំណូលគ្រួសារជូនប្រជាជននៅតំបន់ជនបទចំនួន ២,៧៨៦វគ្គ មានអ្នកចូលរួម ៥៣,៦២០នាក់។ ៣. បានអភិវឌ្ឍន៍ភូមិគំរូចំនួន ៣០ភូមិ និង ភូមិចម្រុះចំនួន ៩៣ភូមិ ព្រមទាំងបានបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) បានចំនួន ១៣,៧៣០ភូមិ, និង ៤.បានចុះបញ្ជីជនជាតិដើមភាគតិចបាន ចំនួន ១៧៧សហគមន៍ ស្មើប្រមាណ ៤០ភាគរយ នៃសហគមន៍សរុប៤៥៥។
ទី៤៖ ការងារពង្រឹងស្ថាប័ន៖ ក្រសួងបានយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅនានារបស់រាជរដ្ឋាភិបាល និងពង្រឹងសមត្ថភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបម្រើប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យកាន់តែមានប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវខ្ពស់។
ក្រសួងបានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៤-២០២៨, សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥, បានបង្កើតក្រុមការងារព័ត៌មានវិទ្យា និងឌីជីថល ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និងគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបម្រើការងារអភិវឌ្ឍន៍ជនបទ ស្របតាមគោលនយោបាយឌីជីថល។
រីឯការចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងបានផ្ទេរមុខងារក្នុងវិស័យអភិវឌ្ឍន៍ជនបទចំនួន ៣មុខងារ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គឺ៖ មុខងារផ្តល់សេវាអនាម័យជនបទចំនួន ១៥ស្រុក នៅក្នុងខេត្តចំនួន ៣ (កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ), មុខងារថែទាំ និងជួសជុលសំណង់ផ្គត់ផ្គង់ទឹកស្អាតជនបទគ្រប់ប្រភេទចំនួន ១១ស្រុក នៅក្នុងខេត្តចំនួន ៤ (កំពង់ឆ្នាំង កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តកំពត), មុខងារថែទាំផ្លូវលក្ខណៈប្រចាំចំនួន ៧ស្រុក នៅក្នុងខេត្តចំនួន ៣ (កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ)។
ទន្ទឹមនេះក្រសួងក៏កំពុងសកម្មក្នុងការធ្វើវិភាគមុខងាររបស់ក្រសួង និងអង្គភាពស្ថាប័នចំណុះក្រសួង ដើម្បីចូលរួមអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ៕ដោយ៖តារា