ព្រះរាជាណាចក្រកម្ពុជា «អច្ឆរិយៈ» ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្តក្នុងខែមីនានេះ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រី «កុំភ្លេចព្រឹកព្រលឹមអុរស្អែក» !

ចែករំលែក៖

ខេត្តសៀមរាប ៖ ពេលវេលាដែលអ្នកទេសចរជាតិ អន្តរជាតិ ទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។

សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ 

ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។  ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា ។ ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី ( Equinox ) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ។

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ៖ បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ។

បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៉ឹម សុខរិទ្ធី ធ្លាប់ឱ្យដឹងថា ៖ សម្រាប់ឆ្នាំ២០២២ កន្លងទៅ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print