ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាស ប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក ជាក់ស្តែងកាលពីសម័យសង្គមរាស្ត្រនិយម ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” កាលព្រះអង្គមានព្រះជន្មគង់នៅ និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តារាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវជាដើម។ ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែង ចាត់ព្រះរាជតំណាងយាងច្រត់ជំនួស តែព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។
ព្រះរាជពិធីនេះ ប្រព្រឹត្តិឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួល បានភោគផលខ្ពស់។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ០១-០២-០៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤-២៥-២៦ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃអាទិត្យ ០៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។
ដើម្បីញ៉ាំងឱ្យព្រះរាជពិធីច្រត់ព្រះនង្គ័ល ឱ្យប្រព្រឹត្តទៅយ៉ាងមហោឡារិក ស័ក្តិសមទៅនឹងអត្ថន័យ និង ខ្លឹមសារដូចខាងលើ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមដាក់ចេញនូវផែនការណែនាំ ដូចខាងក្រោម៖
* គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រសួងពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងព្រះបរមរាជវាំង រៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឱ្យបានមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ តាមចំនួន កំណត់ជាក់ស្តែង ដើម្បីរួមគ្នាថែរក្សានូវព្រះរាជប្បវេណីពីបុរាណរបស់ ព្រះមហាក្សត្រ ឱ្យបានគង់វង្ស។
* ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ផ្តល់អនុសាសន៍ណែនាំដល់មន្ទីរជំនាញរៀបចំស្តង់ និងដាក់តាំងពិព័រណ៍ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសហការល្អជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរដ្ឋបាលខេត្តកំពង់ស្ពឺ។
* ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមលក្ខណៈដោះស្រាយសម្ភារ ថវិកាសម្រាប់បម្រើព្រះរាជពិធីនេះឱ្យបានទាន់ពេលវេលា ស្របតាម គោលបំណង និងសំណូមពរ។
* ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ចាត់ក្រុមសិល្បៈសម្តែងជូនប្រជារាស្ត្របានទស្សនាកម្សាន្ត អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅយប់ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
* ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ផ្តល់អនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ ធានាសុវត្ថិភាពមុន-ក្រោយ និងក្នុងពេលប្រារព្ធព្រះរាជពិធីឱ្យបានល្អប្រសើរ និងចាត់តាំងកងកិត្តិយស ត្រែទ័ព ធ្វើព្រះរាជវន្ទនកិច្ចថ្វាយ ព្រះមហាក្សត្រ និងជូនវន្ទនកិច្ចចំពោះថ្នាក់ដឹកនាំ ជាន់ខ្ពស់ជាតិ។
* ក្រសួងព័ត៌មាន ត្រូវចាត់បណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ចុះធ្វើសកម្មភាពយកព័ត៌មាន និងធ្វើការផ្សាយផ្ទាល់ ព្រមទាំងណែនាំសមាគមទូរទស្សន៍កម្ពុជា ផ្សាយបន្តផ្ទាល់ពីទិដ្ឋភាព និងសកម្មភាពនៃការប្រារព្ធព្រះរាជពិធី ច្រត់ព្រះនង្គ័ល។
* អាជ្ញាធរមីនកម្ពុជា ស្រាវជ្រាវរាវរកគ្រឿងផ្ទុះគ្រប់ប្រភេទនៅកន្លែងប្រារព្ធព្រះរាជពិធី ដើម្បីធានាបានសុវត្ថិភាព។
* រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវរៀបចំចាត់តាំងឱ្យមានតាំងពិព័រណ៍រូបភាពបង្ហាញពីនយោបាយទឹក ផលិតផលកសិកម្ម ដូចជា ស្រូវ ពោត សណ្តែក។ល។ សិប្បកម្មក្នុងស្រុក ព្រមទាំងវត្ថុសម្ភារ គ្រឿងបរិក្ខារកែច្នៃ និងសមិទ្ធផល៤៥ឆ្នាំ នៃការ អភិវឌ្ឍលើគ្រប់វិស័យកន្លងមក ដែលខេត្តសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដូចមានគូសក្រាហ្វិកខាងក្រោម ៖
-ដំណាក់កាលទី១ ឆ្នាំ១៩៧៩ ស្ថានភាព ស្ថិតលេខ ០ (សូន្យ)
– ដំណាក់កាលទី២ ឆ្នាំ២០០០ កម្រិតនៃការរីកចម្រើន ឆ្នាំកណ្តាល
-ដំណាក់កាលទី៣ ឆ្នាំ២០២៤ កម្រិតនៃការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កន្លងមកណែនាំគ្រប់មន្ទីរ អង្គភាព គ្រប់ក្រុង ស្រុក ស្រាវជ្រាវផ្តិតរូបថតព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ស្តេចយាងចុះ ជួបប្រាស្រ័យសួរសុខទុក្ខព្រះសង្ឃ ប្រជារាស្ត្រ និងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីនានា រៀបតាំងតាមស្តង់នីមួយៗ ដើម្បីបង្ហាញជូនប្រជារាស្ត្រ ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ និងអង្គទូតនានា បានទស្សនាស្វែងយល់ និងដើម្បីអបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហា ប្រសើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះរាជសុខភាព ល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ។
ចាត់មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ ចូលរួមក្នុងព្រះរាជពិធី តាមចំនួនបានកំណត់ និងណែនាំគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន រោងចក្រ សហគ្រាស ឱ្យតុបតែងលម្អ ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងណែនាំប្រជារាស្ត្រ ឱ្យដោតទង់ជាតិគ្រប់គេហដ្ឋាន។
* គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ត្រូវតុបតែងលម្អ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ឱ្យបានស័ក្តិសម ដើម្បី អបអរសាទរ ព្រះរាជពិធីវប្បមង្គល។
* រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់តាំងថ្នាក់ដឹកនាំចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ តាមចំនួនកំណត់ និង ណែនាំគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌឃុំ សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន រោងចក្រ សហគ្រាស និង គ្រប់គេហដ្ឋាន ប្រជារាស្ត្រឱ្យតុបតែងលម្អ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ ព្រះរាជពិធីវប្បមង្គលដ៏ឧត្តម។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថាគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តតាមស្មារតី នៃផែនការណែនាំនេះ សម្រេចបានលទ្ធផលល្អប្រសើរ៕