ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ និងលើកកម្ពស់ជនមានពិការភាព ដោយបានធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ជាក់ស្តែងការដាក់សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និង ផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម។
សម្តេចបន្តថា៖ ជាក់ស្ដែង កីឡាការជនមានពិការភាព ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូ ប្រឹងប្រែងដេីម្បីទៅប្រកួតដណ្តេីមមេដាយជាច្រេីន ដែលជាការផ្តល់កិត្តិយសជូនខ្លូនឯងផង ពិសេសគឺជូនជាតិ និងមាតុភូមិ។ តាមរយៈបេសកកម្មនេះ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការគាំទ្រទាំងស្មារតី និងថែរក្សានូវគោលការណ៍ឧបត្ថម្ភគាំទ្រ ដេីម្បីជាការបំប៉ន និងលេីកកម្ពស់បន្ថែមក្នុងការហ្វឹកហាត់ និងបច្ចេកទេសសម្រាប់គ្រប់ការប្រកួតនាពេលខាងមុខ៕