សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រ​ថៃ​ អញ្ជេីញមកបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​នៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រថៃ និងជាប្រធានសភាតំណាងរាស្ត្រថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក វ៉ាន់មូហាម៉ាត់ណ មៈថា បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរសភាអាស៊ានដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។

ដំណើរទស្សនកិច្ចនេះក៏រួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ ការទ្វេភាគីឱ្យអស់សក្តានុពល។ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី ក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចជាផ្លូវការ របស់លោកជំទាវប្រធានគណបក្សតឿថែមកកម្ពុជា ព្រមទាំងដំណើរទស្សនកិច្ចជាផ្លូវការនិងការចូលរួមកិច្ច ប្រជុំកំពូលប្រធានសភាជាស្ត្រីនៅសាធារណរដ្ឋបារាំងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែល នេះបង្ហាញពីសារៈសំខាន់នៃតួនាទីរបស់ស្ត្រីនៅលើឆាកនយោបាយ។

នៅក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគី គណៈប្រតិភូរដ្ឋសភាទាំង២បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ។ សភានៃប្រទេសទាំងពីរបានគាំទ្រគ្នាទៅ វិញទៅមកនៅលើវេទិកាអន្តរសភានានា ជាអាទិ៍៖ សហភាពអន្តរសភា (IPU), ភាពជាដៃគូរវាងសភាអាស៊ី-អឺរ៉ុប (ASEP),វេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក (APPF) និងអន្តរសភាអាស៊ាន (AIPA)។ លើសពីនេះ ដំណើរ ទស្សនកិច្ច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយក រដ្ឋមន្ត្រីថៃ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាជំរុញក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្រោមពាក្យស្លោក «ព្រះ រាជាណាចក្រពីរគោលដៅតែមួយ»។ ទន្ទឹមនឹងនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានថ្លែង អំណរគុណសភាថៃ ក៏ដូចជារាជរដ្ឋាភិបាលថៃ ដែលបានការពារសិទ្ធិសេរីភាពពលករចំណាកស្រុកកម្ពុជា។

លោក វ៉ាន់មូហាម៉ាត់ណ មៈថា បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់រដ្ឋសភា កម្ពុជា និងឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត និងបញ្ជាក់ឡើងវិញថាប្រទេសថៃ និងកម្ពុជាមានមុខមាត់និងសម្បុរស្រដៀងគ្នា ប្រទេសទាំងពីរគឺជាបងប្អូន និងជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូច សុភាសិតបានលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើរជាងមានមិត្តល្អ១០នាក់ដែលនៅឆ្ងាយ។ លោក បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ ធុរកិច្ចនិងកសិកម្ម ព្រមទាំងបានសំណូមពរឱ្យរដ្ឋសភាប្រទេសទាំងពីរមានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជាមានជាមួយប្រទេសផ្សេងៗទៀត ដើម្បីឱ្យ កិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន គោរពអញ្ជើញសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា ទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ដើម្បីមានឱកាសច្រើនថែមទៀតក្នុងការពិភាក្សាគ្នាអំពីកិច្ច សហប្រតិបត្តិការសភា និងការពិចារណាទៅលើការចុះអនុស្សរណៈរួមជាមួយគ្នា ។

លោក បានអះអាងថានឹងជួយជំរុញអ្នកវិនិយោគថៃឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ព្រមទាំង លើកកម្ពស់សិទ្ធិពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ដូចពលករថៃដែរ ដោយជួយជំរុញឱ្យកូនចៅរបស់គាត់ មានសិទ្ធិបានចូលសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនាពេលអនាគត។

ឆ្លើយតបទៅនឹងសំណើរបស់ លោកប្រធានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ដែលបានគោរពអញ្ជើញ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ និងការរៀបចំឱ្យមានអនុស្សរណៈជាមួយគ្នា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត នឹង រាយការណ៍ជូនទៅសម្តេចប្រធានរដ្ឋសភាឱ្យបានជ្រាបតាមក្រោយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print