សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាថ្ងៃទី២៥-២៦ ខែមីនា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ (ស.បប.ឡាវ) នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃស.បបឡាវ។

អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងនៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃស.ប.ប.ឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោកបណ្ឌិត សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹងមានពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់ លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាល ជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវ ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ស.ប.ប.ឡាវ នឹងធ្វើឱ្យកាន់តែស៊ី ជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋាន គ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print