ប្រធានរដ្ឋសភាថៃ​ អញ្ជើញចូលរួមរំលែកមរណទុក្ខចំពោះមរណភាព​ ឯកឧត្ដម ឃួន ផល្លារិទ្ធ ប្អូនប្រុសបង្កើតសម្តេចប្រធានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងមនោសញ្ចេតនាគោរពរាប់អានដ៏ជ្រាលជ្រៅ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានសភានៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញទៅសម្តែងការគួរសម​ និងចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពប្អូនប្រុសបង្កើតរបស់សម្តេចដល់គេហដ្ឋាន នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចប្រធានរដ្ឋសភា ចំពោះការបាត់បង់របស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិ។ 

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណ​ និងបង្ហាញក្តីរំភើបឥតឧបមា ដែល​ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានផ្ញើសារ និងកូរ៉ោនផ្ការំលែកទុក្ខជូន​ សម្តេច​ និងក្រុមគ្រួសារ។ ជាពិសេសវត្តមានឯកឧត្តម ដែលបានអញ្ជើញមកដល់គេហដ្ឋានសម្តេចផ្ទាល់​នាឱកាសនេះ បានផ្តល់កិត្តិយស​ និងកម្លាំងចិត្ត យ៉ាងខ្លាំងក្លាជូន​ សម្តេច​ និងក្រុមគ្រួសារ នៅក្នុងឱកាសមានទុក្ខដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចបានសូមអភ័យទោសជូន ឯកឧត្តមប្រធានរដ្ឋសភា ដែលមិនអាចទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារផ្ទាល់ជាមួយឯកឧត្តម និងគណៈប្រតិភូ​ តាមដែលបានគ្រោងទុក។ 

នៅក្នុងឱកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ប្រធានរដ្ឋសភាប្រទេសទាំងពីរ ក៏បានលើកឡើងពីការពង្រឹងពង្រីកចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង​ ជាពិសេសការឈានទៅការរៀបចំកែសម្រួលអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទាំងពីរឡើងវិញ នៅគ្រប់កម្រិត ទាំងកិច្ចសហប្រតិបត្តិការថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព អគ្គលេខាធិការរដ្ឋសភា ឱ្យស្របតាមសភាពការណ៍ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ​ និងប្រជាជនប្រទេសទាំងពីរ​ ឱ្យកាន់តែមានប្រសិទ្ធភាពឡើង។ 

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃក្នុងពេលឆាប់ៗនេះ។ សម្តេចបានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា​ ការពង្រឹងពង្រីកចំណងមិត្តភាពជាមួយរដ្ឋសភាប្រទេសថៃ ជាអាទិភាពសំខាន់មួយរបស់រដ្ឋសភាកម្ពុជា។ សម្តេចបានបញ្ជាក់ពីការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម ដែលថា “មានមិត្តជិតខាងល្អម្នាក់ ប្រសើរជាងមិត្តល្អដប់នាក់ដែលស្ថិតនៅឆ្ងាយ”។

ឯកឧត្តមប្រធានរដ្ឋសភាថៃ បានអបអរសាទរជូន​ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប់ជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជាទទួលបានតំណែងដ៏សំខាន់នេះ។ ឆ្លងកាត់បទពិសោធន៍​ និងពលីកម្មចូលរួមកសាងអភិឌ្ឍន៍សង្គមជាតិតាំងពីដើមមក ឯកឧត្តមមានជំនឿមុតមាំថា សម្តេសរដ្ឋសភានឹងដឹកនាំស្ថាបន័រដ្ឋសភាឱ្យសម្រេចបាននូវលទ្ធផលជាច្រើនទៀតជូនជាតិមាតុភូមិ។ 

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា នៅកម្ពុជា។ ជាពិសេសលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ លទ្ធផលជំនួបពិភាក្សានោះមិនត្រឹមតែលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យសកម្ម​ និងគ្រប់ជ្រុងជ្រោយឡើងនោះទេ ថែមទាំងបានជំរុញ​ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ កាន់តែទទួលបានជោគជ័យច្រើនឡើង នៅលើគ្រប់គ្រប់វិស័យ មានទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសទំនាក់ទំនងប្រជាជន​ និងប្រជាជននៃប្រទេសទាំងពីរ​ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print