កងកម្លាំងសន្តិសុខរុស្ស៊ីបានចាប់ខ្លួនជនសង្ស័យសរុបចំនួន 11 នាក់ បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីល្ងាចថ្ងៃទី 22 ខែមីនា នៅសាលមហោស្រព Crocus City Hall ក្នុងទីក្រុងមូស្គូ។ ដំបូងជនសង្ស័យបានបង្ហើបពីមូលហេតុខ្លះៗ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការបាញ់ប្រហារយ៉ាងបង្ហូរឈាម។
វីដេអូដែលថតដោយគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីនៅកន្លែងកើតហេតុបង្ហាញថា អ្នកវាយប្រហារហាក់ដូចជាប្រដាប់ដោយកាំភ្លើងវែង អាចជាកាំភ្លើង AK និងគ្រាប់កាំភ្លើង១១ បង់។ ទីភ្នាក់ងាររុស្ស៊ី Lenta ក៏បានរាយការណ៍ដែរថា កាំភ្លើងប្រមាញ់ Saiga ក៏ត្រូវបានរកឃើញនៅកន្លែងកើតហេតុផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាំភ្លើងខ្លី Makarov និងគ្រាប់ជាច្រើនត្រូវបានរកឃើញនៅក្នុងរថយន្តរបស់ជនសង្ស័យផងដែរ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Bryansk ។
ជនសង្ស័យម្នាក់បានប្រកាសក្នុងអំឡុងពេលសួរចម្លើយថា ជនជាប់ចោទមិនស្គាល់មេខ្លោងនោះឡើយ ដោយគ្រាន់តែទាក់ទងតាមរយៈ Telegram ប៉ុណ្ណោះ បានរៀបចំឃ្លាំងអាវុធសម្រាប់ពួកគេ។ រថយន្តដែលជនសង្ស័យប្រើក្នុងការវាយប្រហារនេះ ក៏ត្រូវបានគេជឿថាបានទិញពីសាច់ញាតិរបស់ជនសង្ស័យម្នាក់ផងដែរ មុនពេលការវាយប្រហារភេរវកម្ម។
នៅពេលនេះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា បានសន្យាថានឹងតាមវែកមុខ ហើយសងសឹកចំពោះអ្នកដែលនៅពីក្រោយ ការវាយប្រហារភេរវកម្ម នៅឯកន្លែងប្រគំតន្រ្តីមួយ ក្បែរទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ខណៈចំនួនអ្នកស្លាប់បានកើនដល់១៣៣នាក់ ។
អភិបាលតំបន់មូស្គូ លោក Andrei Vorobyov បានឱ្យដឹងថាសាកសពមនុស្ស១៣៣នាក់ត្រូវបានរកឃើញ និងទាញចេញពីគំនរបែកបាក់ក្នុងរយៈពេល២៤ម៉ោង ហើយក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្រ្គោះជីវិតមនុស្ស ១០៧នាក់។ ដោយឡែក នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍វិញ លោក ពូទីន ក៏បានបញ្ជាក់ដែរថា មនុស្ស១១នាក់ ក្នុងនោះមានទាំងពួកភេរវករ ៤នាក់ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ត្រូវបានចាប់ខ្លួន។ លោកបន្ថែមដូច្នេះថា «ពួកគេបានព្យាយាមលាក់ខ្លួន និងរត់ឆ្ពោះទៅកាន់អ៊ុយក្រែន ជាទីដែលទ្វារបានបើករួចជាស្រេចសម្រាប់ពួកគេឆ្លងព្រំដែន»។
ប៉ុន្តែ អ៊ុយក្រែនបានចេញបដិសេធថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងទីក្រុងមូស្គូនោះទេនិងចោទថា លោក ពូទីន មានចេតនាទម្លាក់កំហុសលើទីក្រុងកៀវ៕ ដោយធីរីណា
រូបថត:TTXVN