ភ្នំពេញ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៨៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់នៅព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤នេះថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន៩ករណី ឃាត់ខ្លួនបាន១៦នាក់។ ករណីព្រហ្មទណ្ឌ រួមមាន អំពើហិង្សា៣ករណី លួចរ២ករណី ឃាតកម្ម២ករណី អំពើប្លន់១ករណី និង បង្ខាំងមនុស្សជំរិតទារប្រាក់១ករណី ។ អំពើទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៧រាជធានីខេត្ត ដូចជា រាជធានីភ្នំ ព្រះសីហនុ សៀមរាប ព្រៃវែង កំពង់ធំ ត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់។
ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន២០ករណី ឃាត់ខ្លួនបាន៥០នាក់។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៨រាជធានីខេត្ត រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង កំពត កំពង់ធំ ពោធិ៍សាត់ ព្រះសីហនុ និងខេត្តសៀមរាប។
ចំពោះសកម្មភាពក្មេងទំនើងវិញ នគរបាលជាតិ បង្ក្រាបបាន៣ករណី ឃាត់ខ្លួន៤នាក់។ អ្នកនាំពាក្យរង បន្តថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់។ នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន៤ករណី ឃាត់ខ្លួន១៥នាក់។ ក្នុងនោះ ចាត់វិធានការច្បាប់ ពោលគឺកសាងសំណុំរឿង១ករណី(ល្បែងភ្នាល់តាមInternet) បញ្ជូនខ្លួនជនល្មើសចំនួន១នាក់។ ករណីនេះកើតឡើងនៅខេត្តកណ្ដាល។ ក្រៅពីនេះ បានចាត់វិធានការរដ្ឋបាលចំនួន៣ករណី ពោលគឺ អប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិចំនួន១៤នាក់។ ករណីនេះ កើតឡើងនៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
ដោយ ៖តារា