ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកមានក្រុមហ៊ុននិងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋដែល ដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។
ដោយបេសកកម្មរបស់វិជ្ជាជីវៈមេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការ រៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជាបានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែក ច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្ដឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃ។
ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Pic) ហើយមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ឬពឹងពាក់មេធាវីជួយការពារក្តី សូមអញ្ជើញមកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះ រាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩និងផ្លូវលេខ១៩៣០ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងការងារ ឬទំនាក់ទំនងជាមួយ លោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទូរស័ព្ទលេខ ០៧៧- ៣៥២ ២២២ ឬ ០៨៦-៩១៩ ១៦៨ និងលោកមេធាវី យូ លឹមហួត ប្រធាននាយកដ្ឋានអធិការកិច្ច ទូរស័ព្ទលេខ ០១៧-៥៨៤ ៤៤៥។
អាស្រ័យហេតុនេះ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕