ភ្នំពេញ : រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យ ស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ។
អនុក្រឹត្យនេះ កំណត់ពីការពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យ សាធារណៈ សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលដូចខាងក្រោម៖
សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងមន្ត្រី ខុទ្ទកាល័យ ដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាស និងមិនស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
គ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ
ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ។
ចំពោះទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារមិន ស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យនេះ។
បែបបទ និងនីតិវិធីនៃការចុះបញ្ជី និងការបង់ភាគទានបែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងអត្រាភាគទានរបបសន្តិសុខសង្គម សម្រាប់បុគ្គល ដូចមានកំណត់ក្នុងមាត្រា២ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។
បៀវត្សជាប់ភាគទានសម្រាប់ការគណនាភាគទានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ត្រូវកំណត់ដូចខាងក្រោម៖
បុគ្គលដែលបានកំណត់ក្នុងវាក្យខណ្ឌទី១ នៃមាត្រា២ នៃអនុក្រឹត្យនេះ ត្រូវកំណត់យក ប្រាក់បំណាច់មុខងារជាមូលដ្ឋានក្នុងការគណនា
បុគ្គលដែលបានកំណត់ក្នុងវាក្យខណ្ឌទី២ នៃមាត្រា២ នៃអនុក្រឹត្យនេះ ត្រូវកំណត់យកបច្ច័យនិច្ចភត្តជាមូលដ្ឋានក្នុងការគណនា
បុគ្គលដែលបានកំណត់ក្នុងវាក្យខណ្ឌទី៣ និងទី៤ នៃមាត្រា២ នៃអនុក្រឹត្យនេះ ត្រូវកំណត់ យកប្រាក់ឧបត្ថម្ភជាមូលដ្ឋានក្នុងការគណនា។
ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវមានកាតព្វកិច្ចផ្តល់ទិន្នន័យសម្រាប់ការចុះបញ្ជី និងផ្តល់តារាង ប្រាក់បំណាច់មុខងារ បច្ច័យនិច្ចភត្ត ឬប្រាក់ឧបត្ថម្ភជូនបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជារៀងរាល់ខែ តាមការកំណត់ដូចខាងក្រោម៖
ក្រសួងមុខងារសាធារណៈ ចំពោះបុគ្គលដូចមានកំណត់ក្នុងវាក្យខណ្ឌទី១ នៃមាត្រា២ នៃ អនុក្រឹត្យនេះ
ក្រសួងធម្មការនិងសាសនា ចំពោះបុគ្គលដូចមានកំណត់ក្នុងវាក្យខណ្ឌទី២ នៃមាត្រា២ នៃ អនុក្រឹត្យនេះ
ក្រសួងមហាផ្ទៃ ចំពោះបុគ្គលដូចមានកំណត់ក្នុងវាក្យខណ្ឌទី៣ និងទី៤ នៃមាត្រា២ នៃ អនុក្រឹត្យនេះ។
លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទាមទារ និងការផ្តល់តាវកាលិក
លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទាមទារ និងការផ្តល់តាវកាលិកសម្រាប់បុគ្គល ដូចមាន កំណត់ក្នុងមាត្រា២ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។
សុពលភាពនៃការទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រសម្រាប់បុគ្គល ដូចមានចែង ក្នុងមាត្រា២ នៃអនុក្រឹត្យនេះ កំណត់ត្រឹមរយៈពេល៦ (ប្រាំមួយ)ខែ គិតចាប់ពីកាលបរិច្ឆេទបញ្ចប់អាណត្តិ ឬមុខងាររបស់ខ្លួន៕
ដោយ : សិលា