រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកុមារជាតិ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាយកមន្ទីរពេទ្យជាតិ និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរពេទ្យកុមារជាតិ ព្រមទាំងដៃគូអភិវឌ្ឍ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំផ្តល់សេវាព្យាបាលថែទាំជូនដល់អ្នកជំងឺទូទៅជាពិសេសស្ត្រី និងកុមារដោយស្មារតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថារយៈពេលមួយថ្ងៃនេះ អង្គសន្និបាតនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែងរបស់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលដែលអាចយកទៅប្រើប្រាស់ជាចំណេះដឹងក្នុងការកែលម្អ និងរៀបចំផែនការការងាររបស់មន្ទីរពេទ្យនាឆ្នាំ២០២៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិតខំពង្រីកនូវសមិទ្ធិផលវិជ្ជមាបន្ថែមទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំនុចខ្វះខាតដែលមាន។ ចំពោះសមិទ្ធិផលវិជ្ជមាន គឺត្រូវបង្កើនសម្ថភាពផ្តល់សេវាឱ្យកាន់តែមានគុណភាព ធ្វើឱ្យប្រជាជនកាន់តែមានភាពកក់ក្តៅមកលើការផ្តល់សេវាសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួនដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលនូវធាតុចូលយកទៅពិចារណាក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៤ មានជាអាទិ៍៖
១- ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង
២- លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ
៣- ពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឆ្លើយតបទៅតាមបច្ចេកវិទ្យាវេជ្ជសាស្ត្រជាអាទិភាពទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺ
៤- យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង
៥- ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការងារយាមប្រចាំការក្នុងការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង ១សប្តាហ៍ របស់មន្ត្រី បុគ្គលិកគ្រប់ផ្នែក
៦- ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពក្នុងការព្យាបាលជំងឺ ពិសេសសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ
៧- ពង្រឹងការងារគ្រប់គ្រង និងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យ។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមប្រសិទ្ធពរជូនលោក លោកស្រី អង្គសន្និបាតទាំងមូល មានសុខភាពល្អ កម្លាំងមាំមួន ចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទទួលបាននូវលទ្ធផលផ្លែផ្កាទៅតាមកម្មវត្ថុដែលបានគ្រោងទុក និងសូមជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ លោក លោកស្រី នាងកញ្ញា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print