ខ្សែបម្រើ James Maddison របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បាននិយាយថា គុណភាពរបស់គាត់នៅលើទីលាន និងទំនុកចិត្តលើខ្លួនឯង អាចជួយឱ្យគាត់ទទួលបានកន្លែងមួយនៅក្នុងក្រុមអង់គ្លេសរបស់លោក Gareth Southgate សម្រាប់ការប្រកួតព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។
កីឡាករវ័យ២៧ឆ្នាំរូបនេះលេងបាន៦ដងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែមិនដែលលេងពេញ៩០នាទីនោះទេ។ ទោះបីជាមានឈ្មោះក្នុងក្រុមក៏ដោយ Maddison ត្រូវបានអវត្តមានដោយសាររបួសជង្គង់អំឡុងពេលការប្រកួត World Cup ឆ្នាំ២០២២នៅប្រទេសកាតា។
គាត់មិនបានបង្ហាញខ្លួនក្នុងការប្រកួតដែលអង់គ្លេសចាញ់ប្រេស៊ីល ១–០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនោះទេ ប៉ុន្តែបានចូលជាអ្នកជំនួសនៅនាទីទី៧៤ជាមួយបែលហ្ស៊ិកកាលពីថ្ងៃអង្គារ ទី២៦ មីនាកន្លងទៅ។
Maddison បានបញ្ជូនបាល់យ៉ាងលឿនទៅកាន់កីឡាករ Jude Bellingham ដែលបានស៊ុតបាល់បញ្ចូលទីនៅនាទីទី៩៥ដើម្បីជួយសង្គ្រោះក្រុមអង់គ្លេសឲ្យតាមស្មើបែលហ្ស៊ិកក្នុងលទ្ធផល ២–២ នៅកីឡដ្ឋាន Wembley។
Maddison បាននិយាយអំពីការរំពឹងទុករបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ថា “មានការប្រកួតប្រជែងដ៏ធំ គុណភាពជាច្រើននៅក្នុងក្រុម។ ខ្ញុំដឹងពីគុណភាពដែលខ្ញុំមាន ដែលអាចជួយក្រុមនេះ។ ខ្ញុំមិនខ្វះទំនុកចិត្ត និងជំនឿលើខ្លួនឯងដើម្បីធ្វើដូច្នេះទេ អ្នកត្រូវតែផលិត និងវាយបកទល់នឹងបែលហ្ស៊ិក ខ្ញុំបានមក និងធ្វើឱ្យមានការរីកចម្រើនក្នុងក្រុម។ ខ្ញុំកំពុងបង្ហាញលោក Southgate នូវអ្វីដែលខ្ញុំមានសមត្ថភាព ហើយខ្ញុំ គ្រាន់ តែ ចង់ បង្ហាញ វា បន្ថែម ទៀត”។
គួរបញ្ជាក់ថា អង់គ្លេសស្ថិតក្នុងពូល C ដែលមាន ស្លូវេនី, ដាណឺម៉ាក, ស៊ែប៊ី នៅក្នុងការប្រកួត Euro 2024 ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខ ក្នុងប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ ៕ (រូបភាព ៖ Reuters/CNA)