ខេត្តពោធិ៍សាត់៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាសម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ឲ្យធ្វើការរៀបចំឯកសារដើម្បីត្រៀមដាក់ទៅអង្គការយូណេស្កូនៅ«សង្ក្រាន្តកម្ពុជា» ដែលយ៉ាងយូរបំផុតគឺនៅត្រឹមឆ្នាំ២០២៥។
ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់ពលរដ្ឋកុំមានការបារម្ភទាក់ទងទៅនឹងការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅសង្ក្រាន្តប្រទេសថៃ ដោយថាពាក្យនេះមិនមែនជាពាក្យផ្ដាច់មុខរបស់ប្រទេសណាមួយនោះទេពោល គឺមាននៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ដើម្បីរៀបចំក្នុងការដាក់ពាក្យនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះសម្ដេចក៏ជំរុញឲ្យប្រើប្រាស់ពាក្យសង្ក្រាន្តនេះនៅក្នុងរដូវកាលចូលឆ្នាំឲ្យបានទូលំទូលាយដូចពីមុនផងដែរ។
សម្ដេចថា៖ «មិនមែនថៃចុះវាប៉ះពាល់ដល់ការប្រើពាក្យសង្ក្រាន្តនៅកម្ពុជានោះទេយើងនៅតែប្រារព្ធបាន»។
សម្ដេចធិបតីបានបញ្ជាក់ថា អស់រយៈពេលជាង ៣០ឆ្នាំហើយដែលរដ្ឋាភិបាលកម្ពុជាបានធ្វើនឹងការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរ។ ក្នុងនោះសម្ដេចក៏បង្ហើបបន្ថែមថាក្រៅពីសម្បត្តិវប្បធម៌ដែលបានចុះបញ្ជីរួចហើយក្នុងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីនៅសម្បត្តិវប្បធម៌មួយចំនួនទៀតផងដែរដូចជា អាពាហ៍ពិពាហ៍ខ្មែររួមទាំងការប្រើប្រាស់សម្លៀកបំពាក់ និងក្រមាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី ហើយផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធនៅថ្ងៃទីយោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «សូមរៀបចំល្បែងប្រពៃណីឱ្យបានច្រើន បង្កលក្ខណៈ រៀបចំទីកន្លែង រៀបចំសម្ភារៈ ឧបករណ៍អង្គុញ ចោលឈូង ខ្ញុំឃើញនៅភ្នំពេញ និងខេត្តមួយចំនួនរៀបចំចោលឈូង រុញឱ្យបានច្រើន ហើយប្រជាពលរដ្ឋយើង ហើយជាពិសេសក្មេងៗគឺចូលរួមលេងឱ្យបានច្រើនទាញព្រ័ត្រ ប្រពៃណី វប្បធម៌របស់យើង។ ជួយជំរុញលេងល្បែងប្រពៃណីយើងឱ្យបានច្រើន ច្នៃប្រឌិតទាំងនៅក្នុង និងនៅក្រៅ»៕