ប្រធានាធិបតីប៉េរូ ប្រកាសមិនលាលែងពីតំណែង ក្រោយប៉ូលិសឆែកឆេរផ្ទះឃើញនាឡិកាដៃ Rolex

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte បាននិយាយថា លោកស្រីនឹងមិនចុះចេញពីតំណែងឡើយ បន្ទាប់ពីផ្ទះរបស់លោកស្រី ត្រូវបានអាជ្ញាធរចុះឆែកឆេរក្រោមក្របខ័ណ្ឌនៃការស៉ើបអង្កេតមួយពាក់ព័ន្ធអំពើពុករលួយ។

មន្រ្តីប្រមាណ២០នាក់ មកពីការិយាល័យរដ្ឋអាជ្ញានិងប៉ូលិសប្រហែល២០នាក់ទៀតបានរួមគ្នាបើកប្រតិបត្តិការឆែកឆេរនៅផ្ទះលោកស្រី Boluarte កាលពីយប់ថ្ងៃសុក្រ ព្រមទាំងនៅការិយាល័យធ្វើការរបស់លោកស្រី កាលពីព្រឹកថ្ងៃសៅរ៍។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Boluarte បាននិយាយថា លោកស្រីបានឡើងកាន់អំណាច ជាមួយបាតដៃស្អាតស្អំ ដូច្នេះហើយលោកស្រីនឹងមិនចាកចេញពីតំណែងប្រធានាធិបតីឡើយ រហូតទាល់តែដល់ឆ្នាំ២០២៦។ លោកស្រីបានចាត់ទុកសកម្មភាពឆែកឆេរនោះថា ជាវិធានការធ្វើឡើងតាមតែអំពើចិត្ត ជ្រុលហួសហេតុ និងរំលោភបំពាន។
កាលពី២សប្តាហ៍មុន ក្រុមរដ្ឋអាជ្ញាប៉េរូបានចាប់ផ្តើមការស៉ើបអង្កេតបឋមមួយ ក្រោយមានសេចក្តីរាយការណ៍ថា លោកស្រី Boluarte មាននាឡិកាដៃម៉ាក Rolex មួយចំនួន ដែលមិនដឹងមានប្រភពមកពីណាឱ្យច្បាស់ឡើយ។ ការស៉ើបអង្កេតបឋមនោះ មានគោលដៅកំណត់ថា តើវាមានមូលដ្ឋានរឹងមាំគ្រប់គ្រាន់ដែរឬទេ ដើម្បីបើកការស៉ើបអង្កេតផ្លូវការលើលោកស្រីប្រធានាធិបតី។ លោកស្រី Boluarte បានក្លាយជាប្រធានាធិបតីប៉េរូចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក ហើយធ្លាប់បានទទួលស្គាល់ថា លោកស្រីមាននាឡិកា Rolex មួយចំនួនដែលលោកស្រីអះអាងថា លោកស្រីបានទិញពួកវា ដោយប្រើប្រាស់លុយ ដែលខ្លួនរកបានតាំងតែពីនៅវ័យក្មេង៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print