ខេត្តកណ្តាល៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធុនធំមិនស្គាល់អត្តសញ្ញាណបើកបុកម៉ូតូ ស្របទិសគ្នាដួលបោកទៅលើផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ពុំទាន់ស្គាល់អត្តសញ្ញានៅឡើយ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុន សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1E-4519 ។ ចំណែកឯរថយន្តក៏ពុំមាននរណាម្នាក់ស្គាល់អត្តសញ្ញាណផងដែរ ក្រោយពីកើតហេតុបានបើកឆ្ពោះទៅភ្នំពេញបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុនគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញដោយល្បឿនលឿន ខណៈជិះដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តធុនធំមិនស្គាល់ម៉ាកបើកបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យជនរងគ្រោះទាំង២នាក់ស្លាប់និងរងរបួសយ៉ាងដូច្នេះ ។
ក្រោយពីកើតហេតុរថយន្តធុនធំមិនស្គាល់អត្តសញ្ញាណបានបើកគេចឆ្ពោះទៅរាជធានីភ្នំពេញបាត់ទៅ ។ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ដឹកយកទៅតម្កល់នៅវត្តភូមិថ្មី រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ៕
ដោយ៖ ស្អាងជ័យ