ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០២រូប។ មុននឹងចាប់ផ្តើមដំណើរការសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ អង្គសភាបានអនុម័តសមាសភាព លេខាធិការចំនួន ៣រូប ដែលមាន៖
១- លោក សន សារ៉ាណា អាយុ ៥២ឆ្នាំ
២- លោកស្រី គង់ សាឡន អាយុ ៦៥ឆ្នាំ
៣- លោក សុះ មុះសិន អាយុ ៤៨ឆ្នាំ
អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ចំនួន២ ដោយទទួលបានសំឡេង ១០២ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដែលមានដូចតទៅ៖
១-ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧
២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧។
ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ មានដូចខាងក្រោម៖
១-ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ អានដោយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានកន្លងមករបស់រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយនិងវិបុលភាព។
២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧ អានដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។ ក្នុងអំឡុងពេលនេះ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភាបានបំពេញមុខងារទាំង៣របស់ខ្លួនយ៉ាង សកម្ម គឺមុខងារ ជាតំណាង មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់និងការទូតសភា។
ក្នុងមុខងារនីតិកម្ម រដ្ឋសភាបានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ចំនួន ២លើក។ សម័យប្រជុំ ជាវិសាមញ្ញលើកទី១ បានអនុម័តលើ (១)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើ វិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនជលផល (២)សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង (៣)បោះឆ្នោតផ្តល់សេចក្តី ទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបរួមមាន៖ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ សម័យ ប្រជុំជាវិសាមញ្ញលើកទី២ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូបគឺ៖ ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលឹម ជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥។
ក្នុងមុខងារជាតំណាងនិងតាមដានការអនុវត្តច្បាប់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភាបានចុះ បំពេញការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្តាប់នូវ រាល់លទ្ធផលការងារនៃការអនុវត្តច្បាប់ ក៏ដូចជាសំណូមពរនិងតម្រូវការរបស់អង្គនីតិប្រតិបត្តិ ដែលជាអ្នក អនុវត្តច្បាប់ ដើម្បីរួមគ្នាដោះស្រាយឆ្លើយតបតាមយន្តការរដ្ឋសភា។ ក្រៅពីនេះ ថ្នាក់ដឹកនាំ និងគណៈកម្មការនានា រដ្ឋសភាបានពង្រឹងការងារការទូតសភាតាមរយៈការបំពេញទស្សនកិច្ចផ្លូវការទ្វេភាគី ចូលរួមកិច្ចប្រជុំអន្តរជាតិ ជួបសវនាការនិងពិភាក្សាការងារជាមួយអង្គទូត អង្គការជាតិ-អន្តរជាតិ ក្នុងគោលបំណងពង្រឹងមិត្តភាព និងកិច្ច សហការប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ មិនគិតពីនិន្នាការនយោបាយ ដោយបានតម្កល់នូវផលប្រយោជន៍ប្រជាពលរដ្ឋ និងឧត្តម ប្រយោជន៍ប្រទេសជាតិជាធំ។
ក្នុងឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានផ្តល់នូវចំណាប់អារម្មណ៍មុននឹងចាកចេញពីតួនាទីជាសមាជិកសភាទៅកាន់មុខតំណែងថ្មី និងចែករំលែក បទពិសោធន៍ក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រី ជាអតីតនាយករដ្ឋមន្ត្រី និងជាសមាជិកសភាអស់រយៈពេលជិត កន្លះសតវត្សរ៍ គិតចាប់តាំងពីឆ្នាំ១៩៨១មក ដែល សម្តេច បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត និងជម្នះនូវរាល់ឧបសគ្គដើម្បីនាំយកមកនូវសន្តិភាពពេញលេញជូនប្រជាពលរដ្ឋកម្ពុជា និងបញ្ចប់ភាពជាប់គាំង នយោបាយ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ។
សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានដំណើរការចប់សព្វគ្រប់នូវរបៀបវារៈទាំង២រួចហើយ អង្គសភាបានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅវេលាម៉ោង ១០:០០នាទី នាថ្ងៃខែឆ្នាំ ដដែល ៕