ភ្នំពេញ ៖ លោក សុខ ឥសាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រគឺយករាជធានីខេត្តធ្វើជាមណ្ឌលបោះឆ្នោត ជារូបភាពបោះឆ្នោតស្របតាមសភាពការណជាក់ស្តែងរបស់កម្ពុជា។
ក្នុងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រគឺបេក្ខជនឈរឈ្មោះចេញពីគណបក្សនយោបាយទាំងអស់ នៅពេលបេក្ខជនឬសមាជិកណាម្នាក់បាត់បង់សមាជិកភាពរបស់ខ្លួន អត្ថប្រយោជន៍ពីគណបក្សរបស់បុគ្គលត្រូវបាត់បង់ដោយស្វ័យប្រវត្តិ។
ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ គឺពលរដ្ឋបោះឆ្នោតជ្រើសរើសយកគណបក្សដែលខ្លួនពេញចិត្ត។ ហើយបញ្ជីរបេក្ខជនឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោត ចេញពីគណបក្សនយោបាយដែលមានសិទ្ធិជ្រើសរើសពីសមាជិកសមាជិកាខ្លួនដែលមានគុណសម្បត្តិល្អ ឲ្យឈរឈ្មោះតំណាងឲ្យគណបក្ស។
លោកបន្តថា ៖ គណបក្សនយោបាយមានសិទ្ធិសម្រេចលើសមាសភាពបេក្ខជនឈរឈ្មោះ ឬមិនឲ្យឈរឈ្មោះ ស្របតាមលក្ខន្តិកៈនិងបទបញ្ជារផ្ទៃក្នុងគណបក្ស ។
នៅពេលដែលបានជាប់ឆ្នោតហើយ បើសមាជិកណាម្នាក់ប្រព្រឹត្តល្មើសច្បាប់ត្រូវចោទប្រកាន់ពីតុលាការ បុគ្គលនោះនឹងត្រូវទទួលវិន័យពីគណបក្ស។ បើវិន័យត្រូវបញ្ចប់ពីសមាជិកភាពគណបក្សទោះនៅក្នុងតំណែងណាក៏ដោយបុគ្គលនោះនឹងបាត់បង់បុព្វសិទ្ធិ អភ័យឯកសិទ្ធិដោយស្វ័យប្រវត្តិ ។ ក្នុងករណីនេះតុលាការអាចចោទប្រកាន់បានដោយមិនមានឧបសគ្គឡើយ បើមានអភ័យឯកសិទ្ធិក៏នឹងត្រូវដកដែរ។
ក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែងសមត្ថកិច្ចត្រូវរាយការណ៍រដ្ឋសភាឬព្រឹទ្ធសភាជាមុនសិន បន្ទាប់ពីរដ្ឋសភាប្ញព្រឹទ្ធសភាដកអភ័យឯកសិទ្ធិរួច ទើបសមត្ថកិច្ចអាចចាត់នីតិវិធីផ្លូវច្បាប់បានហើយរាយការណ៍ជូនសាម៉ីស្ថាប័ន ។
ការឈរឈ្មោះជាបេក្ខជនរបស់គណបក្សគឺជាតំណាងឲ្យគណបក្ស “ការបោះឆ្នោតគឺបោះឆ្នោតឲ្យគណបក្សមិនមែនបោះឆ្នោតឲ្យបេក្ខជនម្នាក់ៗទេ” ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខ័ណ្ឌ ស្រុក ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសុទ្ធតែបោះឆ្នោតយកគណបក្សនយោបាយ នៅពេលគណបក្សណាឈ្នះឆ្នោតទើបគេយកបញ្ជីររាយនាមបេក្ខជនរបស់គណបក្សនោះដែលបានតម្កល់ទុកនៅ គ.ជ.ប មកគិតចេញជាអាសនៈ ៕
ដោយ ៖ សិលា