ក្រសួង​បរិស្ថាន​ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា នៅសណ្ឋាគារ Castle Bayview Resort and Spa ទីក្រុងកំពត នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា បើទោះបី តំបន់ឆ្នេរ និងសមុទ្ររបស់ប្រទេសកម្ពុជា បានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ តំបន់ទាំងនេះក៏រងនូវការគំរាមកំហែងផងដែរ ដូចជាការថយចុះនូវជីវៈចម្រុះសមុទ្រ ការបាត់បង់ទីជម្រក និងការថយចុះនូវមូលធនធម្មជាតិ។ ដើម្បីឆ្លើយដោះស្រាយនូវបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ផ្តោតអាទិភាពទៅលើការពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម និងចីរភាពនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរបស់កម្ពុជា តាមរយៈការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃដោយរក្សាគម្របព្រៃឈើឱ្យបានលើស៦០% នៃផ្ទៃប្រទេស។

ជាងនេះទៅទៀត ដើម្បីគាំទ្រដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានរៀបចំបង្កើតយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ ហេតុនេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការអភិរក្សនូវតំបន់ឆ្នេរ និងសមុទ្រ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៃមហាសមុទ្រប្រកបដោយចីរភាព។

តាមរយៈសិក្ខាសាលានេះ លោក ជួប ប៉ារីស៍ សង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងបែបវិទ្យាសាស្ត្រអំពីការអភិរក្ស និងស្តារឡើងវិញកាបូនពណ៌ខៀវ ទស្សនទានអំពីគោលនយោបាយ និងហិរញ្ញវត្ថុទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ លើសពីនេះទៀតបានយល់ដឹងបន្ថែមអំពីស្ថានភាព និងភាពពាក់ព័ន្ធ ប្រទាក់ក្រឡាក្នុងការងារគ្រប់គ្រងតំបន់ឆ្នេរនិងសមុទ្រកម្ពុជា ហើយផ្តើមចេញពីចំណេះដឹងទាំងនេះយើងអាចរួមគ្នារៀបចំផែនការបង្ហាញផ្លូវមួយសំដៅលើកកម្ពស់ការអភិរក្ស និងការរៀបចំគំនិតផ្តួចផ្តើមគម្រោងកាបូនពណ៌ខៀវនៅតំបន់ឆ្នេររបស់ប្រទេសកម្ពុជាឱ្យបានជោគជ័យនាពេលខាងមុខ។

...

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងឡើងលើកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ លើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍកាបូនពណ៌ខៀវ ដោយផ្តោតសំខាន់លើការកសាងសមត្ថភាព ហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រដល់អ្នកពាក់ព័ន្ធដែលនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រទី២ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្តជាប់ឆ្នេរទាំងបួន ប្រធានមន្ទីរទាំង៤ខេត្ត (កោះកុង ព្រះសីហនុ កែប និងកំពត) តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន គ្រឹះស្ថានសិក្សា ជាច្រើនរូបទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print