ខេត្តព្រះវិហារ ៖ សារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេច ត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវការអបអរសាទរគោរពជូន ចំពោះ សម្តេចតេជោ ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតគាំទ្រ ជ្រើសរើសជា ប្រធានព្រឹទ្ធសភា នាសម័យប្រជុំលើកដំបូងរបស់ព្រឹទ្ធសភានៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤នេះ។ ការទទួលបានមុខតំណែងនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ជាសហស្ថាបនិក សម្រាប់ការចរចានយោបាយបង្កើតព្រឹទ្ធសភា និងជាអគ្គមគ្គុទេសក៍ដ៏ល្អឆ្នើមដែលបានតស៊ូលះបង់ដំ នាំមកនូវសុខសន្តិភាព ឯកភាពជាតិ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង។ ក្នុងរយៈពេល៣៨ឆ្នាំ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី សម្តេចតេជោ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារជម្នះ រាល់ឧបសគ្គគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា អនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល ឈានទៅសម្រេចបាននូវសមិទ្ធផលធំៗច្រើនឥតគណនាលើគ្រប់វិស័យ ទាំងនយោបាយ សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់កិត្យានុភាពជាតិ កាន់តែលេចធ្លោប្រកបដោយ មោទកភាពទាំងក្នុងតំបន់ និងសកលលោក។ ក្នុងតួនាទីភារកិច្ចថ្មីរបស់ សម្តេចតេជោ ក្នុងស្ថាប័ននីតិបញ្ញត្តិ កំពូលរបស់ព្រះរាជាណាចក្រកម្ពុជានឹងបន្តរួមចំណែក ធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ ដើម្បីបន្ត ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយព្រមទាំងការពាររដ្ឋធម្មនុញ្ញ និង របបរាជានិយមនៅកម្ពុជា។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃ វិសេសវិសាលនេះផងដែរ ខ្ញុំបាទសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូម ព្រះអង្គតាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណ ភ្លឺថ្លា កម្លាំងពលំខ្លាំងក្លា ជន្មាយុយឺនយូរ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្រ បំផុតពីខ្ញុំបាទ៕