សាលាដំបូង​ខេត្តកំពង់ឆ្នាំង ​សម្រេចឃុំខ្លួន​ជនត្រូវចោទ​៣នាក់​ ពី​បទល្មើសបំផ្លាញ គៃបំបាត់ កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក​ និងសមគំនិត

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង​ ដែលទើប​ទទួល​បាន​នៅថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ស្តីពី ចំណាត់ការពាក់ព័ន្ធនឹងករណីបំផ្លាញ គៃបំបាត់ កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងសមគំនិត។ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ​សម្រេចឃុំខ្លួន​បណ្តោះអាសន្ន​លើជនត្រូវចោទឈ្មោះ លឹម ដានីន ភេទប្រុស ឈ្មោះ ជួន តុំ ភេទប្រុស និងងឈ្មោះ ពុំ សុផល ភេទប្រុស ​ពី​បទល្មើស​ខាងលើ។

ជាក់ស្ដែងក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា សាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៣០៩ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៤ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ២១៨ ដ.ស.ស/២៤ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយមានជនត្រូវចោទចំនួន ០៣ (បី) រូប៖ ១-ឈ្មោះ លឹម ដានីន ភេទប្រុស អាយុ៥៣ ឆ្នាំ, ២-ឈ្មោះ ជួន គុំ ភេទប្រុស អាយុ៥៣ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញ និងគែបំបាត់ តាមមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទ កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក តាមមាត្រា ៩៨ ចំណុច១ នៃច្បាប់ស្តីពីជលផល ប្រព្រឹត្តនៅចំណុចតាទុំ ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុង ខែមីនា ឆ្នាំ២០២៤ និង៣-ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ៥៩ ឆ្នាំ ត្រូវបានចោទ ប្រកាន់ក្នុងអំពើសមគំនិតពីបទបំផ្លាញ គេបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក តាមមាត្រា២៩និង មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៩៨ ចំណុច១ នៃ ច្បាប់ស្តីពីជលផល ប្រព្រឹត្តនៅទីតាំង និងពេលវេលាខាងលើ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿងរួច, ចៅក្រម ស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០៣ (បី) រូបខាងលើ ជាបណ្តោះអាសន្ន ដើម្បីធានាវត្តមាន ជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ហើយចៅក្រមស៊ើបសួរ នឹងបន្តកិច្ចស៊ើបសួរទៅតាមច្បាប់ ជាធរមាន។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print