ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ វិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើក កិច្ចប្រជុំ វិសាមញ្ញ តាមប្រព័ន្ធ Zoom ជាមួយ សមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសា បារាំង (AIMF) ដឹកនាំ ដោយ លោកស្រី អាន អ៊ុីដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ដើម្បីពិភាក្សាលើសមាសភាពលេខាធិការ អចិន្ត្រៃយ៍បន្ទាប់ នៃសមាគម AIMF ដែលគ្រោងនឹងធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនារាត្រីថ្ងៃទី០៤ មេសា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះ បានពិភាក្សាសំខាន់លើសមាសភាពនៃការជ្រើសរើសលេខាធិការ អចិន្ត្រៃយ៍ (AIMF) ដែលមានបេក្ខជនចំនួន៥រូប ហើយឥស្សរជនទាំង៥រូបនេះ សុទ្ធតែជាធនធានមនុស្សដែលមានសមត្ថភាពខ្លាំងក្លា ក្នុងការជួយដឹកនាំទ្រទ្រង់ (AIMF) អោយកាន់តែមានភាពរឹងមាំ ។ ក្នុងចំនោមឥស្សរជនទាំង៥រូបនេះត្រូវជ្រើសរើសតែមួយរូបប៉ុណ្ណោះជំនួសលោក ព្យែរ ប៊ៃយ៉េ  (Pierre BAILLET) ដែលត្រូវចូលនិវត្ត។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ យើងខ្ញុំពិតជាមានភាពជឿជាក់ចំពោះ លោកស្រីអាន អ៊ុីដាល់ហ្គោ (Anne HIDALGO) អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងការជ្រើសរើស លេខាធិការអចិន្ត្រៃយ៍ជំនួសលោក ព្យែរ ប៊ៃយ៉េ  (Pierre BAILLET) ដែលចូលនិវត្ត។
ឯកឧត្ដមអភិបាលបញ្ជាក់ថា៖ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើម របស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ លោកជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និង លោក ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបក (Québec) ប្រទេសកាណាដា។សមាគមនេះមានសមាជិកចំនួន ៣០៧ មកពី ៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០ លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ុីដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊ែយ៉េ(Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។
សមាគម AIMFដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង។
សូមបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញ ទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ ៕  ដោយ  សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print