សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នៅតែមានគុណតម្លៃក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជាប្រចាំ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ អភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅតែមានតម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន។

ខ្លឹមសារនៃអភិក្រមទាំង៥នោះ រួមមាន៖
ទី១- ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។
ទី២- ងូតទឹក គឺត្រូវសម្អាតកាយ វាចា និងចិត្ដ ពោលគឺរៀបចំការស្លៀកពាក់សមរម្យឱ្យស័ក្ដិសមជាមន្ដ្រីរាជការ និយាយស្ដីពីពីរោះពិសាជាមួយមិត្ដរួមការងារ ក៏ដូចជាមហាជនទូទៅ មិនត្រូវឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ។
ទី៣- ដុសក្អែល គឺត្រូវលុបបំបាត់នូវទម្លាប់អាក្រក់ និងទង្វើអសកម្មទាំងឡាយដូចជាអំពើពុករលួយ បក្សពួកនិយម។
ទី៤- ព្យាបាល គឺត្រូវដាក់វិន័យរាល់កំហុសឆ្គង ចេះកែប្រែឥរិយាបថរបស់ខ្លួនដែលឆ្គាំឆ្គងដើម្បីជាគំរូផង និងជួយដាស់តឿនមនុស្សជុំវិញខ្លួនផងដែរ។
ទី៥- វះកាត់ គឺការដកតំណែងនៅពេលរកឃើញថា បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងចូលជាមន្រ្តីរាជការនៅតាមក្រសួង-ស្ថាប័ន នីមួយៗដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ«អ្នកចេះគឺជាប់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់គឺជាកត្តា ចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើមត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print