ភ្នំពេញ ÷ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ត្រូវបានវាយតម្លៃថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត (៦,១ ភាគរយ) នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia Stats នាពេលថ្មីៗនេះ។
របាយការណ៍របស់ Seasia Statsបន្ថែមថា សម្រាប់ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ដោយឡែកចំណាត់ថ្នាក់ទី២ គឺប្រទេសហ្វីលីពីន ទី៣ ប្រទេសវៀតណាម ទី៤ ប្រទេសឥណ្ឌូនេស៊ី និងទី៥ ប្រទេសម៉ាឡេស៊ី។ ចំណាត់ថ្នាក់ទី៦ គឺប្រទេសឡាវ ទី៧ ប្រទេសព្រុយណេ ទី៨ ប្រទេសថៃ ទី៩ ប្រទេសទីម័រខាងកើត ទី១០ សហភាពមីយ៉ាន់ម៉ា និងទី១១ គឺប្រទេសសិង្ហបុរី។
ចំណាត់ថ្នាក់នេះ គឺបានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្សី។
ដោយឡែក សម្រាប់ចំណាត់ថ្នាក់នៅប្រទេសក្នុងទ្វីបអាស៊ីវិញ កម្ពុជាស្ថិតក្នុងចំណាត់លេខ៣ បន្ទាប់ពីកោះម៉ាកាវ នៃប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ២៕