ខេត្តកំពង់ធំ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាលពីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ គឹម រឹត និងផេកឈ្មោះ បុព្វបុរសខ្មែរ បានធ្វើ ការបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមួយ ស្តីពីសកម្មភាពរបស់ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានមកសាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋាន ផ្នែកសឹករងបារាយណ៍ ស្ថិតក្នុងស្រុកបារាណ៍ ខេត្តកំពង់ធំ ដែលបានប្រើខ្លឹមសារ ក្នុងន័យញុះញង់ រើសអើងជាតិសាសន៍ និងធ្វើឲ្យសាធារណមតិ មានការយល់ច្រឡំ ការរៀបចំតុបតែងទង់ជាតិ នៃ ប្រទេសនីមួយៗ ជាការអនុវត្តសកល ក្នុងការទទួលភ្ញៀវអន្តរជាតិ។ ការដឹកនាំប្រតិភូមកសាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនីមួយៗ ប្រតិភូនៃទីក្រុងហូជីមិញ និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង តែងតែអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ ធ្វើការបដិសេធចោលទាំងស្រុងចំពោះព័ត៌មាននេះ ដែលមានចរិកញុះញង់ រើសអើងជាតិសាសន៍ ហើយគ្មានប្រភពច្បាស់លាស់៕
ដោយ ៖ សិលា