សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា រូបលោកសង្ឃឹមថា លោកហើយនិងប្រធានាធិបតីស្វីស លោកស្រី Viola Amherd នឹងអាចកំណត់កាលបរិច្ឆេទច្បាស់ ក្នុងពេលប៉ុន្មានថ្ងៃទៀត សម្រាប់កិច្ចប្រជុំកំពូលសន្តិភាព ដែលត្រូវធ្វើឡើងនៅប្រទេសស្វីស ជាមួយបណ្តាប្រទេសចន្លោះពី៨០ទៅ១០០។
លោក ហ្សេលេនស្គី បាននិយាយថា រូបលោករួមជាមួយលោកស្រីប្រធានាធិបតីស្វីស នឹងត្រូវតែឯកភាពគ្នាជាមុនសិនលើកាលបរិច្ឆេទ ហើយបន្ទាប់មកនឹងផ្ញើលិខិតអញ្ជើញឱ្យចូលរួម ទៅកាន់បណ្តាមេដឹកនាំពិភពលោក។ លោកប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមដូច្នេះថា «យើងរំពឹងថានឹងមានការចូលរួមពីប្រទេសចន្លោះពី៨០-១០០។ នេះគឺជាចំនួនប្រទេសដែលខ្ញុំជឿជាក់ថា នឹងអាចយ៉ាងហោចណាស់ ព្យាយាមបង្ខំឱ្យ
រុស្ស៉ី ទទួលយកលក្ខខណ្ឌសន្តិភាពមួយ ដែលយុត្តិធម៌»។ លោក ហ្សេលេនស្គី មិនបានរៀបរាប់ថា ប្រទេសណាខ្លះ នឹងត្រូវអញ្ជើញឱ្យចូលរួមនោះទេ។
រុស្ស៉ីធ្លាប់លើកឡើងថា កិច្ចប្រជុំស្វែងរកសន្តិភាពដូចខាងលើហ្នឹងជារឿងឥតប្រយោជន៍ ប្រសិនបើខ្លួនមិនចូលរួមនោះ។ ទីក្រុងកៀវបានស្នើឱ្យមានកិច្ចប្រជុំសន្តិភាពពិភពលោក ប៉ុន្តែកន្លងមកធ្លាប់បាននិយាយថា រុស្ស៉ីនឹងមិនទទួលបានការអញ្ជើញជាដាច់ខាត។ សង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលប្រធានាធិបតី
រុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពាន ប្រទេសជិតខាងភាគខាងលិចរបស់ខ្លួន៕ ដោយធីរីណា
រូបថត: Reuters