ភ្នំពេញ៖ នាថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group។ ជំនួបនេះ បានប្រព្រឹត្តទៅនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃស្ថាប័ន ពាក់ព័ន្ធផ្សេងទៀតផងដែរ។
ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧ រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល ព្រមទាំង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុនកំពុងប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។
ចំពោះនៅកម្ពុជា ក្រុមហ៊ុន Sunwah Group បាននិងកំពុងពង្រីកការវិនិយោគរបស់ខ្លួន លើវិស័យសំខាន់ៗដូចជា ម្ហូបអាហារ អចលនទ្រព្យ នវានុវត្តន៍ និងបច្ចេកវិទ្យា ដែលបានរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា៕