អន្តរជាតិ៖ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Luang Prabang នៃប្រទេសឡាវ កាលពីថ្ងៃពុធសប្តាហ៍មុន ខណៈរថយន្តដឹកអាស៊ីត៣០តោន ក្រឡាប់កំពប់ជះសារធាតុនេះចូលក្នុងទន្លេ Nam Khan របស់ឡាវ ហើយគេរំពឹងថា អាស៊ីតស៊ុលហ្វួរិច នឹងហូរចាក់ចូលទន្លេមេគង្គមកដល់ប្រទេសថៃ ក្នុងសប្តាហ៍នេះ។ ស្រាប់តែរដ្ឋាភិបាលថៃ បានប្រកាសអាសន្ននិងព្រមានប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ នៅតាមខេត្តថៃចំនួន៧ ដែលជាប់ដងទន្លេមេគង្គ។
បេីតាមការបញ្ជាក់ពីការិយាល័យធនធានទឹកជាតិថៃ បានជូនដំណឹងដល់ខេត្តចំនួន៧ ដែលនៅតាមដងទន្លេមេគង្គ មានដូចជា៖ Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani ត្រូវតាមដានគុណភាពទឹកទន្លេមេគង្គឲ្យមែនទែន។
ពាក់ព័ន្ធករណីនេះដែររដ្ឋមន្ត្រីក្រសួងស្រាវជ្រាវវិទ្យាសាស្ត្រឧត្តមសិក្សា និងនវានុវត្តន៍ លោកស្រី Supamas Isarabhakdi បានឱ្យដឹងថា លោកស្រីបានណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ មកពីនាយកដ្ឋានសេវាកម្មវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យគុណភាពទឹកទន្លេ ក្នុងខេត្តទាំងប្រាំពីរខាងលើ និងវាយតម្លៃផលប៉ះពាល់លើបរិស្ថាន។
ជាមួយគ្នានោះ អាជ្ញាធរថៃ បានទាក់ទងមន្ត្រីឡាវ ឱ្យបង្ហូរទឹកចេញពីទំនប់ Xayaburi ដើម្បីកាត់បន្ថយជាតិគីមីក្នុងទន្លេ ក៏ដូចជាផលប៉ះពាល់ដល់គុណភាពទឹក នៅប្រទេសថៃ។
បច្ចុប្បន្នមន្ត្រីសុខាភិបាលថៃ ក៏បានចុះអប់រំប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ទន្លេទាំង៧ អំពីរបៀបការពារខ្លួនពីគ្រោះថ្នាក់នៃសារធាតុគីមីផងដែរ ហើយប្រសិនបើពួកគេប៉ះនឹងទឹកដែលមានសារធាតុបំពុល ត្រូវណែនាំឲ្យទៅជួបគ្រូពេទ្យជាបន្ទាន់។
គួរជម្រាបជូនថា អាស៊ីតស៊ុលហ្វួរិច គឺជាសារធាតុបំផ្លាញស្បែក ភ្នែក ធ្មេញ និងសួត ហើយបើប៉ះពាល់ធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យងងឹតភ្នែកនិងឈានដល់បាត់បង់ជីវិតទៀតផង៕