ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងចាត់ទុក កិច្ចការងារផែនការ ស្ថិតិ និងប្រជាជន គឺជាការងារដ៏សំខាន់ក្នុងការប្រមូល និងវិភាគទិន្នន័យឱ្យបានច្បាស់លាស់ សំដៅរៀបចផែនការជាតិ យុទ្ធសាស្ត្រជាតិ ជាដើម។
-សម្តេចធិបតី ថ្លែងថា ក្រសួងផែនការ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការរៀបចំលក្ខខណ្ឌគោលនយោបាយ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាច្រើន។
-សម្ដេចធិបតី ប្រកាសលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋបង្កើតកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេងបន្ថែមទៀត។
-សម្ដេចធិបតី ប្រកាសណែនាំក្រសួងផែនការយកចិត្តទុកលើការពង្រឹងសាលាជាតិផែនការ និងស្ថិតិ ក្នុងការកសាងធនធានមនុស្សមន្ត្រីកាន់តែមានសមត្ថកិច្ចសម្រាប់បំពេញឱ្យតម្រូវការផែនការ ក៏ដូចជាក្រសួងស្ថាប័ននានាជាច្រើនទៀត។
-សម្ដេចធិបតី ថ្លែងណែនាំក្រសួងផែនការ ត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនឱ្យជាប់ប្រចាំ ដើម្បីការងារអង្កេត ជំរឿន ស្ថិតិ ជាពិសេសសមត្ថភាពបង្កើតទិន្នន័យ។ សម្តេចធិបតី បញ្ជាក់ថា ទិន្នន័យច្បាស់លាស់ ធ្វើឱ្យការដាក់ចេញផែនការបានត្រឹមត្រូវ។
-សម្តេចធិបតី ថ្លែងថា ការរៀបចំផែនការមិនមែនចេះតែនឹកឃើញចង់ធ្វើនោះទេ ពោលគឺត្រូវមានផែនការវែងឆ្ងាយក្នុងការដាក់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា យុទ្ធសាស្រ្តបញ្ចកោណយ៉ាងដូច្នេះដែរ គឺមិនមែនគិតមួយឆ្នាំធ្វើមួយឆ្នាំនោះទេ គឺមានផែនការរយៈពេល ២៥ឆ្នាំទៅមុខ។
-សម្តេចធិបតី ថ្លែងថា ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ ផែនការបានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ។ ទិន្នន័យនេះ គឺមាន សារសំខាន់ខ្លាំងណាស់ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ។
-សម្តេចធិបតី ថ្លែងថា ការដឹកនាំជាតិ ទាមទារឱ្យមានផែនការច្បាស់លាស់ មិនអាចធ្វើតាមការស្រមើស្រមៃនោះឡើយ។
-សម្តេចធិបតី ថ្លែងថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និង ការពន្យារកំណើត, ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។
-សម្តេចធិបតី សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។
-សម្តេចធិបតី ថ្លែងថា ក្រសួងផែនការមានតួនាទីសំខាន់, ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការ សម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, ផែនការវិនិយោគសាធារណៈ, ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ។
-សម្តេចធិបតី ថ្លែងថា ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងសម្របសម្រួលការងារ ក្នុងបរិការណ៍អន្តរជាតិជាច្រើនទៀត រួមមានការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, ការងារពង្រឹង និងតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និង ការអភិវឌ្ឍ និងការងាររៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច។
-សម្តេចធិបតី ថ្លែងថា សាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលធនធានមនុស្សមួយដ៏មានសារៈសំខាន់លើវិស័យផែនការ, ស្ថិតិ និង ប្រជាសាស្ត្រ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស។
-សម្តេចធិបតី ថ្លែងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឧបការណ៍ដ៏សំខាន់សម្រាប់អនុវត្តយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងរបៀបវារៈផ្សេងៗ សម្តេចសូមស្នើឱ្យក្រសួងផែនការ ពន្លឿនការរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានទាន់ពេលវេលា។
-សម្តេចធិបតី ថ្លែងថា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និង ភាគលាភយេនឌ័រ ឱ្យបានជាអតិបរមា និង បញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និង ប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០, សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ គិតគូរឱ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការ ប្រជាសាស្ត្រ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូ នៃយន្តការគាំទ្រសង្គមដល់យុវវយ និងគ្រួសារ, នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
-សម្តេចធិបតី ថ្លែងថា ទាក់ទងនឹងសាលាជាតិផែនការ និង ស្ថិតិ, សម្តេចស្នើឱ្យក្រសួងផែនការពិភាក្សា ជាមួយនឹង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការ និង ស្ថិតិ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីពង្រឹង និង ពង្រីកវិសាលភាពតួនាទី និងភារកិច្ចឱ្យកាន់តែរីកចម្រើន។
បេីតាមការបញ្ជាក់ពីលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានរម្លឹកថា ក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងសម្រេចបានការងារជាច្រើន ក្រោមការដឹកនាំរបស់លោក ឆាយ ថន និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួង។
លោករដ្ឋមន្ត្រី បានរម្លឹកបន្ថែមថា ឆ្នាំ២០២៣ គឺជាឆ្នាំបញ្ចប់នៃរាជរដ្ឋាភិបាលអាណត្តិទី៦ និងជាឆ្នាំចាប់ផ្តើមនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតសាកល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោករដ្ឋមន្ត្រីបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ បាននិងកំពុងបន្តកិច្ចខិតខំអនុវត្ត ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងសម្រេចបាននូវសមិទ្ធផលការងារធំធេងជាច្រើន គួរជាទីមោទន។ គោលបំណងនៃសន្និបាតក្នុងរយៈពេល ២ថ្ងៃនេះ គឺដើម្បីពិនិត្យទៅលើសមិទ្ធផលការងារឆ្នាំ២០២៣ បញ្ហា ប្រឈម និងការលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ សំដៅពង្រឹងសមត្ថភាព និងបង្កើន ប្រសិទ្ធភាពការងារ របស់ស្ថាប័ននិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់៕ដោយ៖តារា