ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ថូរ៉ា ហ្គា មីន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចប់អាណត្តិ និងលោកឧត្តមសេនីយ៍ត្រី ទីន អ៊ុង ស្វី នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាតែងតាំងថ្មី ចូលជួបជម្រាបលានិងសម្តែងការគួរសម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ថូរ៉ា ហ្គា មីន បានសម្ដែងការអរគុណដល់ ឯកឧត្តមអគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា បានចូលជួបជម្រាបលា និងសម្ដែងការគួរសម ព្រមទាំងបានគូសបញ្ជាក់ពីមនោសញ្ចេតនារីករាយដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ប្រកបដោយកិត្តិយស ជាប្រទេសដែលមានសាសនា វប្បធម៌ ប្រពៃណី ដូចគ្នា។
លោកឧត្តមសេនីយ៍ត្រី ថូរ៉ា ហ្គា មីន លើកឡើងថា រយៈពេលបីឆ្នាំនៃការបំពេញបេសកកម្មនៅកម្ពុជា លោកទទួលបានបទពិសោធន៍ជាច្រើន ទាំងវិស័យយោធា ក៏ដូចជាវិស័យមួយចំនួនទៀត ហើយលោកក៏បានមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដោយសង្ឃឹមថា ក្នុងពេលអនាគតដ៏ខ្លីកម្ពុជានឹងទទួលបានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
លោកប្រធានការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា បានអរគុណដល់កងទ័ពកម្ពុជាដែលបានផ្ដល់ចំណេះដឹងដល់និស្សិតមីយ៉ាន់ម៉ាលើផ្នែកភាសា នៅសាកលវិទ្យាល័យការពារជាតិ ហើយបច្ចុប្បន្នក៏មាននិស្សិតមីយ៉ាន់ម៉ា ចំនួន ១១ រូបទៀតផងដែរ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យការពារជាតិ។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ត្រី ថូរ៉ា ហ្គា មីន ក៏បានអរគុណដល់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានសហការ និងបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា ហើយសង្ឃឹមថាក្នុងអាណត្តិរបស់អនុព័ន្ធយោធាថ្មី នឹងបន្តរួមសហការឲ្យកាន់តែជិតស្និតថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះការចូលជួបជម្រាបលា និងសម្ដែងការគួរសមរបស់អនុព័ន្ធយោធាមីយ៉ាន់ម៉ា និងបានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេសសន្តិភាព ដែលកម្ពុជាមានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីទំនាក់ទំនងការទូតរវាង កម្ពុជា-មីយ៉ាន់ម៉ា ក្នុងរយៈពេល ៦៩ឆ្នាំមកនេះ និងការរក្សាជំហរនៅតែបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-មីយ៉ាន់ម៉ា ដូចកាលពីមុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។
លើកិច្ចសហប្រតិបត្តិការវិស័យយោធា ឯកឧត្តម អគ្គមេបញ្ជាការ បានបញ្ជាក់ជាថ្មី ថានឹងបន្តខិតខំចូលរួមចំណែកពង្រឹងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសឆ្នាំថ្មី នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងក្រុមគ្រួសារ, ជូនពរការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕