ភ្នំពេញ៖ ពិតជារឿងមួយស្មានមិនដល់ដែលស្រី្ត២នាក់យកគ្នាជាមិត្តចិត្តមួយថ្លើមមួយ តែទីបំផុតមានមិត្តម្នាក់ក្នុងចំណោម២នាក់នេះបានក្បត់ចិត្ត និងហ៊ានលូកថ្លើមមិត្តភក្តិខ្លួនឯង ដោយលួចសហាយស្មន់ជាមួយប្តីនាងរហូតបានកូនមួយទើបបែកធ្លាយរឿងហើយនាំគ្នាទៅប្តឹង ដល់លោកចៅសង្កាត់ឲ្យជួយដោះស្រាយនិងរកយុត្តិធម៌ ។
រឿងរ៉ាវទាំងនេះបានធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ហើយតួអង្គប្រុស និងតួអង្គស្រី២នាក់ពាក់ព័ន្ធរឿងនេះ មិនត្រូវបានគេស្គាល់ឈ្មោះ និងអាសយដ្ឋានរបស់ពួកគេនៅឯណាឡើយ ដោយសារគ្រួសារនេះលាក់លៀមមិនឲ្យគេដឹងក្រៅពីមន្ត្រីយុត្តិធម៌សាលាសង្កាត់ចោមចៅនោះឡើយ ។
ទោះយ៉ាងណារឿងរ៉ាវនេះមិនត្រូវបានលាក់បាំងពីអ្នកប្រមាញ់ព័ត៌មានបានឡើយ ទីបំផុតទើបដឹងថាស្ត្រីដែលលួចលាក់ស្រលាញ់ប្តីមិត្តភក្តិមានសក់ពណ៌ទង់ដែងរហូតមានកូនមួយនោះគឺជាស្ត្រីមេម៉ាយកូនមួយមានអាយុជាង២០ឆ្នាំ និងនាង មានសក់ខ្មៅ អាយុត្របាកគ្នាដែរ នោះជាប្រពន្ធដើម ។ ក្នុងហេតុការណ៍កើតឡើងក្នុងសាលាសង្កាត់ចោមចៅ គេឃើញនាងសក់ទង់ដែង(ប្រពន្ធចុង)មានរាងកាយស្គាំងស្គមដែលទំនងទើបចេញពីមន្ទីរពេទ្យសម្រាលកូន បានស្រែកទ្រហោយំស្ទុះទៅអោបនាងសក់ខ្មៅជាប្រពន្ធដើមនិងសម្តែងការសោកស្តាយរាល់កំហុសឆ្គងដែលបានព្រព្រឹត្តមកលើមិត្តភក្តិហ៊ានលូកថ្លើមស្រលាញ់ប្តីនាង(ប្តីនាងដើម)រហូតបានកូនមួយយ៉ាងនេះ ។
អ្នកឃើញហេតុការណ៍នេះបានរៀបរាប់ថា គ្រាដែលនាងចុងស្ទុះទៅអោបនាងដើមស្រែកទ្រហ៊ោយំនិងទួញសោកសង្រេងនៅចំពោះមុខបុរសជាប្តី គួរណាស់តែនាងដើមក្តៅ ក្រហាយទាត់ធាក់នាងចុងឲ្យអស់ចិត្ត ប៉ុន្តែផ្ទុយទៅវិញនាងដើមហាក់ដូចជាស្លាប់ចិត្តស្តូកបាន យកដៃអង្អែលក្បាលនាងចុងរួចឱនខ្សឹបដាក់ត្រចៀកនាងចុងអស់រយៈពេលយ៉ាងយូរទើបដឹកដៃគ្នាចេញពីសាលាសង្កាត់ហាក់ដូចជាគ្មានអ្វីកើតឡើង ។
អ្នកឃើញហេតុការរៀបរាប់ទៀតថា គ្រាដែលនាងចុងបម្រុងចាកចេញពីសាលាសង្កាត់ នាងបានស្ទុះទៅកញ្ឆក់សំបុត្រកំណើតពីដៃប្តីបម្រុងហែកចោល ប៉ុន្តែមិនបានសម្រេចដោយសារប្តីលួងលោមឲ្យឡើងជិះម៉ូតូឌុបជាមួយកូនស្រីប្តីមុនបាត់ទៅ ។ ចំណែកបុរសជាប្តីនិង ប្រពន្ធដើមបានជិះម៉ូតូឌុបគ្នាចេញតាមក្រោយដែរ ។
មន្ត្រីនគរប៉ុស្តិ៍រដ្ឋបាលចោមចៅបានឲ្យដឹងថា មុនមានរឿងហេតុនេះនាងប្រពន្ធចុងបាន មកប្តឹងសមត្ថកិច្ចថាប្តីវាយធ្វើបាប ប៉ុន្តែដោយរកមិនឃើញស្លាកស្នាមរបួសក៏ជំរុញឲ្យទៅប្តឹងនៅសាលាសង្កាត់វិញ ។ លុះក្រោយមកមិនដឹងរឿងអីនាងដើមនិងនាងចុងត្រូវរ៉ូវគ្នា លែងមានកំដៅក្នុងទ្រូងបែរស្ទុះអោបគ្នាដោយក្តីអាលោះអាល័យទៅវិញ ៕
ដោយ៖ សុខាសែនជ័យ