ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
នៅក្នុងឱកាសអភិលក្ខិតកាលដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២៤ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការទូទាំង ប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រមទាំងភរិយា ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរ សាទរដោយស្មោះអស់ពីដួងចិត្ត ថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជតម្រិះឈ្វេងយល់ និងព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយទសពិធរាជធម៌ចំពោះជាតិមាតុភូមិ ប្រជានុរាស្ត្រ និងកិច្ចការបរទេសរបស់ ព្រះករុណាថ្លៃវីសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់ កិត្យានុភាពជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ចូលរួមចំណែកក្នុងយុទ្ធនាការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូម ព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ»និងទេវតា ថែរក្សាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយថែរក្សាការពារ អភិបាល ប្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវ អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ និងព្រះរាជភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំនិងភរិយា ៕