ភ្នំពេញ ៖ រូបភាពដែលត្រូវគេថតបានពីទិដ្ឋភាពសត្វកុកដ៏ច្រើនលើសលុបកំពុងហើរយ៉ាងសក្បុសពាសពេញផ្ទៃទឹកនៅតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមប្រភពពី អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថា រូបភាពនេះថតបានដោយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលចុះល្បាត។
គួរបញ្ជាក់ថា តំបន់រ៉ាមសារស្ទឹងសែនស្ថិតក្នុងខេត្តកំពង់ធំ ជាតំបន់មានសក្តានុពលមិនចាញ់ តំបន់រ៉ាមសារក្នុងខេត្តផ្សេងទៀតទេ។ តំបន់នេះ មានផ្ទៃដីទំហំ៩២៩៣ហិកតា និងត្រូវបានចុះបញ្ជីនៅអំឡុង ឆ្នាំ ២០១៨។ តំបន់រ៉ាមស្ទឹងសែន មានព្រៃលិចទឹកដែលផ្ដល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង៧៩ប្រភេទ ដូចជាស្មោញ ត្រដក់តូច ត្រដក់ធំ ទុងប្រផេះ អង្កត់ខ្មៅ អកត្រីក្បាលប្រផេះ និងថនិកសត្វប្រមាណ៩ប្រភេទ។ លើសពីនេះ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលមានអំណោយផលដល់អេកូទេសចរណ៍ធម្មជាតិ។
គួរបញ្ជាក់ថា តំបន់រ៉ាមសារ (តំបន់ដីសើម) នីមួយៗ សម្បូរដោយធនធានធម្មជាតិ សត្វប្រភេទកម្រ ជីវៈចម្រុះ ដែលជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍៕ដោយ៖ ដោយ ៖ ភារ៉ា ដង្កោ