ភ្នំពេញ÷ ក្រសួងមុខងារសាធារណៈបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យរយៈពេល៤ថ្ងៃ និង៣មណ្ឌលប្រឡង។
ក្រសួងមុខងារសាធារណ: បានរៀបចំកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារនៃដំណើរការការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅកម្រិតអនុវិទ្យាល័យ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំនេះក្រុមការងារបានរាយការណ៍អំពីចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួនរហូតដល់ ៣៣.៣១៤នាក់។
តាមរយៈកិច្ចប្រជុំនេះដែរ គណៈកម្មការបានកំណត់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យដំណាក់កាលទី១ សម្រាប់ជ្រើសសម្រាំង ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងមណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានលើកឡើងថា “ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ”។
លោកឧបនាយករដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនិងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកានៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។ តាមរយៈ របាយការណ៍ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំហំការងារ ការគិតគូរគ្រប់ជ្រុង ជ្រោយនិងគ្រប់ទិដ្ឋភាព ទៅលើដំណើរការរៀបចំការប្រឡងជារួម ទាំងការគិតគូរ លើការងារបច្ចេកទេសនិងការគិតគូរផ្សេងៗ ជាពិសេសលើចំនួនបេក្ខជនដាក់ពាក្យប្រឡង ការរៀបចំដំណើរការប្រឡងតាមថ្ងៃ តាមមណ្ឌល តាមមុខវិជ្ជា និងតាមទីតាំងភូមិសាស្ត្រ ខេត្តរបស់បេក្ខជន។ ទោះបីការងារនេះ មានទំហំធំ និងមមាញឹក ប៉ុន្តែក្រុមការងារពិតជាបានរៀបចំ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងខាងមុខ។
សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែងនឹងជូនដំណឹងលម្អិតជុំ
វិញការប្រឡងប្រជែងក្នុងពេលឆាប់ៗខាងមុខនេះ និងសូមបន្តតាមដានការផ្សព្វផ្សាយនិងសេចក្តីជូនដំណឹងនានាពីបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៕ ដោយសុរិយា