ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋទូទៅដែលប្រេីប្រាស់មធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញទៅលេងស្រុកកំណើតអបអរសាទរបុណ្យចូលឆ្នាំទាំងអស់នឹងទទួលបានខិត្តបណ្ណផ្តល់ចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនជាការពញ្ញាក់អារម្មណ៍ដាស់តឿនបង្កេីនការចូលរួមឱ្យបានសកម្មក្នុងកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
មន្រ្តីគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រុមការងាររបស់យេីងដែលបម្រេីការងារដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណេីតជួបជុំគ្រួសារនាឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានឆ្លៀតចូលរួមចែកនូវខិត្តបណ្ណប្រឆាំងគ្រឿងញៀនជូនដល់ពួកគាត់ដេីម្បីទទួលបានចំណេះដឹងពីផលលំបាកនិងអាចបង្ការបាននូវការរាលដាលបញ្ហាគ្រឿងញៀនទៅក្នុងសហគមន៍។
ថ្លែងក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងបន្ថែមថា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅពេលនេះដេីម្បីផ្តល់ទុនបន្ថែមដល់ប្រជាពលរដ្ឋធ្វើការការពារខ្លួនឯង និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ អ្នកជិតខាង និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ក្នុងនាមថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាល អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដែលបានផ្តល់ការគាំទ្រសកម្មភាពផ្សព្វផ្សាយនេះ ក្រុមហ៊ុនឯកជន ដែលតែងតែសហការផលិតផ្តល់នូវខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនហើយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបន្តគាំទ្រផ្តល់ជូនដល់លេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកម្មវិធីជួបជុំផ្សេងៗក្នុងមូលដ្ឋានរាជធានី ខេត្ត៕ដោយ៖តារា