កងកម្លាំងមួកខៀវកម្ពុជាក្រោមឆ័ត្រUN តាមបណ្តាប្រទេស ប្រារព្វកម្មវិធីសង្ក្រាន្តឆ្នាំថ្មីផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃមកនេះ បណ្តាកងកម្លាំងថែរក្សាសន្តិភាពកម្ពុជា បំពេញបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN ប្រារព្វកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមតំបន់បេសកកម្ម អប អរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ដែលមានបណ្តាកងកម្លាំងរក្សាសន្តិភាពមកពីបណ្តាប្រទេសនានា ក្នុងតំបន់បេសកកម្មអញ្ជើញចូលរួម។

​វរសេនីយ៍ឯក សួស ណារឿន មេបញ្ជាការកងអនុសេនាធំទលេខ៩៨ទី២ ឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ ទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កងកម្លាំងរក្សាសន្តិភាព កម្ពុជា ប្រចាំនៅសាធារណរដ្ឋអាហ្វឹ្រកកណ្តាលក៏ដូចកង កម្លាំងមួកខៀវកម្ពុជា នៅតាមប្រទេសផ្សេងៗទៀតដែរ គឺបានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ដោយមានការរៀបចំ កម្ម វិធីសាសនាតាមបែបប្រពៃណីខ្មែរ និងមានរៀបចំកម្មវិធី រាំ ច្រៀង លេងល្បែងកម្សាន្តប្រជាប្រីយ៍ខ្មែរ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងជាដើម។

វរសេនីយ៍ឯក សួស ណារឿន ថ្លែងថា សម្រាប់ការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុង បាំងហ្គី (Bangui) សាធារណៈរដ្ឋអាហ្រ្វិកកណ្ដាល គឺមានការអញ្ជើញចូលរួមក្រោមអធិបតី ឧត្តម សេនីយ៍ទោ Luiz Manuel MONSANTO មេបញ្ជា ការរង កងកម្លាំងរក្សាសន្តិភាពUN មីនុស្កា (MINUSCA) នៅសាធារណៈរដ្ឋអាហ្រ្វិកកណ្ដាល និង នាយឧត្តមសេនីយ៍ YACOUB Vitor អគ្គមេបញ្ជាការរងនៃកងកម្លាំង FACA  ព្រមទាំងមន្រ្តី យោធា ស៊ីវិល ជាន់ខ្ពស់របស់ MINUSCA ប្រចាំសាធារណៈរដ្ឋអាហ្រ្វិកកណ្ដាល នាយទាហាន នាយទាហានរង លោក លោកស្រី ភ្ញៀវកិត្តិយសអន្តរជាតិ ដែលកំពុងបំពេញ បេសកកម្ម មកពីប្រទេសជាច្រើន នៅក្នុងតំបន់អាហ្វ្រឹកកណ្តាលអញ្ជើញចូលរួម។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជា មានកង កម្លាំងរក្សាសន្តិភាពUN ចំនួន ៦៤០នាក់ ក្នុងនោះនារី មានចំនួន១២៤នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្រ្វិក​ កណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈក្នុងរយៈ ពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៦៣ នាក់ ក្នុងនោះ នារី ៨១៦នាក់ ធ្វើការងារចំនួន១២បេសកកម្ម នៅតាមបណ្តាប្រទេសចំនួន ១០ ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print