ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មាន ពលរដ្ឋខ្មែរប្រមាណ ៣០០នាក់ ប្រុសស្រី បម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ ស្ទាក់ឃាត់យកមកធ្វើការណែនាំ និងអប់រំ ដើម្បីចៀសវាងចាញ់បោកមេខ្យល់ ឬអាចប្រឈមបញ្ហាផ្សេងៗកើតឡើង ខណៈឆ្លងដែនខុសច្បាប់។
ការឃាត់ខ្លួននេះ ដឹកនាំបង្ការ ទប់ស្កាត់ ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ, លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជា ការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង នៅវេលាម៉ោង ១៦:៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ម្សិលមុិញនេះ។
តាមការឱ្យដឹងពីមន្ត្រីធ្វើកិច្ចការនេះ ជាលទ្ធផល សមត្ថកិច្ចបានស្ទាក់ឃាត់មនុស្សប្រុស-ស្រី ចំនួន ៣០០នាក់ ក្នុងនោះស្រី ១៥៤នាក់ កុមារ ២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទន្ទឹមគ្នានេះ ក៏មានវត្តមានលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងស្ថាប័នពាក់ព័ន្ធ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះផងដែរ។
ពលរដ្ឋទាំងនោះ ភាគច្រើនគឺមកពីបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ សូមឲ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ចៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាបើបន្តឆ្លងដែនខុសច្បាប់។
ជុំវិញបញ្ហានេះសមត្ថកិច្ចគួរស្រាវជ្រាវរកឱ្យឃើញមេខ្យល់ ព្រោះគេច្រើន ឃុបឃិតជាបុគ្គលមន្ត្រីខិលខូចតាមច្រករបៀង ហើយសហការគ្នាខាងមេខ្យល់នៅទឹកដីថៃដើម្បីនាំឆ្លងដែនខុសច្បាប់ ៕