សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំនិងជាកាតព្វកិច្ចសំខាន់សម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធតែម្តង

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ និងជាកាតព្វកិច្ចសំខាន់សម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនៃធនធានមនុស្ស ហើយនៅក្នុងវិស័យការពារជាតិ គឺយើងមាន៣កម្រិត គឺនាយទាហាន នាយទាហានរង និងពលទាហាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នាយទាហាន ត្រូវដើរតួនាទីគន្លឹះនៅក្នុងវិស័យការពារជាតិ ពោលគឺត្រូវដើរតួជាអ្នកគ្រប់គ្រងផង និងជាអ្នកដឹកនាំផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកគ្រប់គ្រង ភារកិច្ចសំខាន់ គឺពាក់ព័ន្ធនឹងការរៀបចំផែនការ ការបែងចែកនិងប្រគល់ភារកិច្ចដល់យោធិនក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួលដោះស្រាយបញ្ហាដើម្បីធានាឱ្យបេសកកម្មរបស់អង្គភាពបានជោគជ័យ។ ចំពោះភារកិច្ចជាអ្នកដឹកនាំវិញ គឺត្រូវដឹកនាំ បញ្ជាកម្លាំង និងត្រូវដឹកនាំអនុវត្តគ្រប់ភារកិច្ច។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា ៖ សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់កងទ័ពប៉ុណ្ណោះទេ គឺត្រូវតែប្រែខ្លួន ទៅជាកន្លែងស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទទៅ នឹងពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់នោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិ មាតុភូមិ ហើយត្រូវតែត្រៀមខ្លួនគ្រប់កាលៈទេសៈទាំងអស់ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺត្រូវ តែធ្វើឲ្យបានជាពិសេសការទប់ស្កាត់ចំពោះអមិត្តទាំងក្នុង និងក្រៅប្រទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print