ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានឧត្តមគតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កងយោធពលខេមរភូមិន្ទ ក៏ត្រូវតែចូលរួមការពារសន្តិភាព រាល់សមិទ្ធផលរបស់សង្គមជាតិ សមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់អគ្គមគ្គុទេសក៏ឯក តេជោសែន ឱ្យបានគង់វង្ស រួមចំណែកយ៉ាងសកម្មនៅក្នុងកសាងពង្រឹងនីតិរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាត្រៀមលក្ខណៈគ្រប់កាលៈទេសៈ ដើម្បីបំពេញរាល់ប្រតិបត្តិការដែលរាជរដ្ឋាភិបាលប្រគល់ជូន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល់យោធិន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខតំណែង និងច្បាប់ លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃ របស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័ន កងឯកភាព តាមឋានានុក្រម។
សម្តេចបញ្ជាក់ថា «ការងារការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិនេះ យើងនឹងបន្តគិតគូរអំពីសមាមាត្រនៃការរើសចូលកងទ័ពក្នុងមួយឆ្នាំៗ និងការបណ្តុះបណ្តាលនាយទាហាន ពាក់ព័ន្ធសាលានាទាហានទាំង ៣កម្រិត បូកជាមួយការបណ្តុះបណ្តាលក្រៅប្រទេស ថាតើក្នុងមួយឆ្នាំ យើងត្រូវរើសទាហានសរុបប៉ុន្មាន ក្នុងពលទាហានប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ ព្រោះនាយទាហាបណ្តុះបណ្តាលរួច៤ឆ្នាំ មិនអាចថយមកជាពលទាហានវិញបានទេ អីចឹងក្នុងរយៈពេល១៥-២០ ឆ្នាំយើងធ្វើយ៉ាងណាឱ្យមានតុល្យភាពនាយទាហាន និងពលទាហាន» ៕