ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះ សីហនុ អះអាងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចមួយ ដ៏សំខាន់ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ គឺសៀមរាប និងរាជធានីភ្នំពេញ ។
លោកយន្ត មីន អភិបាលខេត្តបានមាន ប្រសាសន៍ថា ខេត្តព្រះសីហនុស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន ហើយជាកន្លែងដែលអាចចេញចូលតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ។ ខេត្តព្រះសីហនុជាកន្លែងអំណោយផលបំផុត ដោយមិនមានគ្រោះធម្មជាតិធ្ងន់ធ្ងរដូចជាខ្យល់ព្យុះ ការ រញ្ជួយដីរលកស៊ូណាមិទឹកជំនន់និងបំណាក់ដីនោះទេ ។
លោកអភិបាលខេត្តបន្ថែមទៀតថា ធនធានធម្មជាតិ ដែលមានកោះ ឆ្នេរខ្សាច់ ឆ្នេរថ្ម និងជីវចម្រុះបាតសមុទ្របានក្លាយទៅជាតំបន់អេកូទេសចរណ៍តំបន់ឆ្នេរស្រស់ បំព្រង និងជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមដែលជាសក្តានុពលដ៏សំខាន់សម្រាប់ខេត្តព្រះសីហនុក្នុងការអភិវឌ្ឍ វិស័យកសិកម្ម ឧស្សាហកម្មនិងទេស ចរណ៍ ហើយក្នុងនោះវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមុខរបរ និងជាប្រភពចំណូលជួយលើក កម្ពស់សេដ្ឋកិច្ច មិនត្រឹមតែខេត្តព្រះសីហនុ ប៉ុណ្ណោះទេគឺសម្រាប់ប្រទេសជាតិទាំង មូលផងដែរ ។
លោកបន្តថា ក្នុងឆ្នាំ២០១៥កន្លងទៅ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរបាន ចំនួន១.៥១៨.៨៧៤នាក់គឺកើនឡើង១៤.៣៩ភាគរយបើធៀបនិងឆ្នាំ២០១៤ ។ សម្រាប់ឆមាសទី១ឆ្នាំ២០១៦ ខេត្តព្រះ សីហនុទទួលបានភ្ញៀវទេសចរសរុប ១.០៣២.៨៨១នាក់កើនឡើ១៦.៦៥ភាគ រយបើធៀបនឹងឆមាសទី១ឆ្នាំ២០១៥ ។
ខេត្តព្រះសីហនុ មានផ្ទៃដីសរុប២.៦៥៨.៩០គីឡូម៉ែត្រក្រឡា ផ្ទៃដី២ភាគ៣ ជាដីព្រៃភ្នំ និងខ្ពង់រាប មានកោះធំ កោះ តូចចំនួន៣២ និងមានឆ្នេរសមុទ្រប្រវែង ១៧៥.៨១គីឡូម៉ែត្រ ត្រូវបានជាប់ជា សមាជិកក្លិបឆ្នេរសមុទ្រដ៏ស្អាតបំផុតលើសកលលោក ដែលប្រសិទ្ធនាមថា តារារះ នាទិសនិរតី និងជាទីតាំងកំពង់ផែសមុទ្រ ដែលមានទឹកជ្រៅជាងគេបំផុតនៅក្នុង ប្រទេសកម្ពុជា ហើយក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣សំខាន់ របស់កម្ពុជា គឺសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ៕
ដោយ៖ នរិន្ទ្រ