ភ្នំពេញ ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងក្នុងពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
សូមបញ្ជាក់ថា ៖ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ និងរាជរដ្ឋាភិបាល និងសម្តេចធិបតីក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធសាសនិកទាំងអស់ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។
សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ ៕